ព្រឹកនេះ ប្រធាន​បក្ស​យុវជន​កម្ពុជា​ ទៅ​តុលាការ ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក​កឹម សុខា

  • 2017-06-20 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី២០ ខែមិថុនានេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹងលោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ការ​ប្តឹង​នេះ​ គឺ​ដោយសារ​តែ​លោក​កឹម សុខា បាន​ប្រើប្រាស់​សារ​នយោបាយ នាំឱ្យ​មាន​ការ​រើសអើង​គណបក្ស​នយោបាយ។

លោកពេជ្រ ស្រស់ បានថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅមុខ​តុលាការ​ថា គោលបំណង​នៃការ​ប្តឹង គឺចង់​ទាមទារ​ស្វែងរក​សេចក្តី​ថ្លៃថ្នូរ​ជូន​គណបក្ស​តូចៗ និង​គណបក្ស​យុវជន​កម្ពជា ព្រមទាំង​ឱ្យលោក​កឹម សុខា ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ពេជ្រ ស្រស់ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញព្រឹក​នេះ
លោកពេជ្រ ស្រស់ បាន​បញ្ជាក់​ថា លោកកឹម សុខា បានចាត់​ទុក​សន្លឹក​ឆ្នោត​របស់​បក្ស​ផ្សេងក្រៅ​ពី​បក្ស​ខ្លួន ​ថាជាការ​បង្ហិន​សន្លឹក​ឆ្នោត។ លោក​ថា ការ​លើក​ឡើង​របស់​លោក​កឹម សុខា បាន​​ឆ្លុះ​បញ្ចាំង​ពីការ​រំលោភ​សិទ្ឋិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុងការ​ជ្រើសរើស​មេ​ដឹកនាំ ដែល​ខ្លួន​ស្រលាញ់។ ការ​លើក​ឡើង​នេះ ក៏​ជា​ការ​បញ្ឆេះ​ឲ្យមាន​ការរើសអើង​គណបក្ស​នយោបាយ​ផង​ដែរ ដោយ​លោក កឹម សុខា បាន​និយាយ​ថា​ស្រុកខ្មែរ គឺមាន​បក្ស​តែពីរ ដែលអាច​បម្រើ​ពលរដ្ឋ​បាន ជាពិសេស​មាន​តែ​គណបក្ស​សង្រ្គោះ​ជាតិ​តែម្តង ស្រប​ពេល​មាន​គណបក្ស ១០ទៀត ដែលគេ​មាន​សិទ្ធិ ធ្វើ​នយោបាយ ដូចបក្ស​សង្រ្គោះជាតិ​ដែរ។

លោកពេជ្រ ស្រស់ បាន​អះអាងថា ការ​លើក​ឡើង​របស់​លោក​កឹម សុខា​ គឺ​បាន​រំលោភ​ច្បាប់​រដ្ឋធ្មនុញ្ញ និងច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែលធានា​ឱ្យមាន​ភាព​ស្មើគ្នា​របស់​គណបក្ស​នយោបាយ​នីមួយៗ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;