វៀតណាម អបអរសាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា

  • 2017-06-24 23:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អបអរ​សាទរ​កម្ពុជា ដែលបាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ ប្រកប​ដោយ​ភាព​ជោគជ័យ។ លោកស្រី លើកឡើង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា សម្តេច ហេង សំរិន កាលពី​ថ្ងៃទី២៣​មិថុនា។ នេះបើតាមទំព័រ​ Facebook របស់រដ្ឋសភាជាតិ បានឱ្យដឹងកាលពីម្សិលមិញ។

លោកស្រី Nguyen Thi Kim Ngan អះអាង​ថា ជោគជ័យ​នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​លទ្ធភាព​ដ៏​សំខាន់​មួយ ដែល​នាំឱ្យ​កម្ពុជា ទទួល​ជោគជ័យ​ទៀត​ក្នុងការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅឆ្នាំ​២០១៨​ខាងមុខ​នេះ។

សម្តេច ហេង សំរិន និងលោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបផ្លូវការនៅក្រុងហាណូយ ថ្ងៃទី២៣មិថុនា។ រូបថត៖ Facebook រដ្ឋសភាជាតិ
ក្រៅពី​នេះ ប្រធាន​សភា​វៀតណាម ក៏បាន​អបអរ​សាទរ​កម្ពុជា ដែលបាន​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន កាលពី​ខែ​ឧសភា បាន​យ៉ាង​ជោគជ័យ​ផងដែរ។ លោកស្រី​ចាត់ទុក​ថា នេះជា​កិត្យានុភាព​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ និងជា​ឱកាស​ល្អ​មួយ ដែលអាច​ឱ្យ​កម្ពុជា​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​បរទេស​បន្ថែម​ទៀត។

លោកស្រី​ក៏បាន​លើកឡើង​ពីការ​បោះ​បង្គោល​ព្រំដែន ដែល​ភាគី​ទាំង២ សម្រេច​បាន​ជាង ៨០%​ និង​រំពឹង​ថា អាច​សម្រេចបាន​ទាំងស្រុង​ក្នុងពេល​ឆាប់ៗ​នេះ។

សូម​បញ្ជាក់​ថា សម្តេច ហេង សំរិន បាន​ដឹកនាំ​គណៈប្រតិភូ ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅវៀតណាម​ពីថ្ងៃទី​២៣ ដល់ ២៦​មិថុនា ២០១៧ ក្នុង​ឱកាស​ខួបលើក​ទី​៥០ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;