CNRP បង្ហាញ​ហេតុការណ៍​សំខាន់ៗ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​បោះឆ្នោត

  • 2017-06-26 12:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២៦មិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​បង្ហាញ​ពី​ហេតុការណ៍​សំខាន់ៗ​មួយ​ចំនួន ដូចជា នៅមុន​បោះឆ្នោត ពេលឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត ការរាប់​សន្លឹក​ឆ្នោត និងការ​ដោះស្រាយ​បណ្តឹង ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា មុនការ​បោះឆ្នោត មានការ​គាប​សង្កត់​មកលើ​គណបក្ស និងការ​រារាំង​លោក សម រង្ស៊ី មិនឱ្យ​ចូល​កម្ពុជា​វិញ ការ​វាយដំ​តំណាងរាស្រ្ត និងការ​ប្រើ​តុលាការ ចោទ​ប្រកាន់ និង​ឃុំខ្លួន​តំណាងរាស្រ្ត សកម្មជន និងអ្នក​វិភាគ​នយោបាយ។

ចំណែក​នៅថ្ងៃ​បោះឆ្នោត គណបក្ស​នេះ​អះអាង​ថា ពលរដ្ឋ​ជាង ១លាន​នាក់ ដែល​ធ្វើការ​នៅក្រៅ​ប្រទេស បាត់បង់​សិទ្ធិ​បោះឆ្នោត ដោយសារតែ​អាជ្ញាធរ មិន​រៀបចំ​យន្តការ​ក្នុងការ​ធានា​សិទ្ធិ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ។ ឯការ​រាប់​សន្លឹក​ឆ្នោត មាន​ការិយាល័យ​ជាច្រើន​បាន​បិទទ្វារ​បង្អួច និងមាន​ការ​គំរាម​កំហែង​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស នៅពេល​រាប់​សន្លឹក​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើឱ្យ គ.ជ.ប និង​ភាគី​ពាក់ព័ន្ធ ធ្វើការ​កែ​លម្អ នូវភាព​មិន​ប្រក្រតី ដែលមាន​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ដើម្បី​ឱ្យការ​បោះឆ្នោត​ឆ្នាំ២០១៨ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

សូមអានសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិខាងក្រោមនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;