ខៀវ កាញារិទ្ធ ​ជម្រុញ​ឲ្យ​មន្ទីរ​ព័ត៌មាន ដំណើរការ​ទូរទស្សន៍​អនឡាញ

  • 2017-07-19 08:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ដ្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា ២០១​៧ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារិទ្ធ បាន​ជំរុញ​ឲ្យ​មន្ទីរ​ព័ត៌មាន​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា រៀបចំ​ដំណើរការ​ទូរទស្សន៍​អនឡាញ ក្នុង​គោលដៅ​ប្រកួត​ប្រជែង​ផ្នែក​ព័ត៌មាន​ផង និង​បង្កើត​ចំណូល​​បន្ថែម​សម្រាប់​មន្ទីរ​ផង។

លោក ខៀវ កាញារិទ្ធិ មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ជ្រើសរើស​យក​ជម្រើស​ណា​មួយ ដែល​មហាជន​គាំទ្រ និង​ងាយស្រួល​ក្នុង​ការ​ទស្សនា។ ត្រង់​ចំណុច​នេះ លោក​ចង់​សំដៅ​ដល់​ការ​បង្កើត​ទូរទស្សន៍​អនឡាញ​តាម​បណ្តា​មន្ទីរ​ព័ត៌មាន និង​ការ​ចាក់ផ្សាយ​នៅ​តាម​ទូរទស្សន៍​ខ្សែកាប ដែល​ជា​ជម្រើស​​ដ៏​ល្អ​សម្រាប់​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង។ ការ​រៀបចំ​គម្រោង​នេះ​ឡើង​ទៀត​សោត​គឺ​អាច​កាត់​បន្ថយ​ចំណាយ (ដោយ​មិន​បាច់​ចាំ​មាន​ស្ទូឌីយូ និង​ដំឡើង​អង់តែន​ជាដើម) និង​ជា​ការ​សាកល្បង​ការ​រៀនសូត្រ​ផង​ដែរ។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ ការ​ផ្សាយ​គួរ​ចាប់​ផ្តើម​​ពីការ​ផ្សាយ​តាម​អនឡាញ និង​ជួល​ម៉ោង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ខ្សែកាប ដែល​ក្នុងមួយថ្ងៃ ចាប់ពី​៤​ទៅ​៥ម៉ោងសិន។

លោក​រដ្ឋមន្រ្តី​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​ គម្រោង​រៀបចំ​ឲ្យ​មាន​ទូរទស្សន៍​អនឡាញ នៅ​តាម​បណ្ដា​មន្ទីរ​​ព័ត៌មាន​ខេត្ត-ក្រុង​ នឹង​ទទួល​បាន​ជោគជ័យ ហើយ​វា​ក៏​អាស្រ័យ​ទៅលើ​ឆន្ទៈ និង​ការ​ច្នៃប្រឌិត​របស់​ប្រធាន​មន្ទីរ​នីមួយ​ៗ​ផងដែរ។ បច្ចុប្បន្ន​គម្រោង​នេះ​ បាន និង​កំពុង​ដំណើរការ​ដោយ​ជោគជ័យ​នៅ​តាម​ខេត្ត​មួយ​ចំនួន​រួច​ហើយ រួមមាន ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្ត​ក្រចេះ៕

អត្ថបទ៖ រស់ សុជាតិ

អត្ថបទថ្មី
;