កីឡាទូកក្ដោងកម្ពុជា ត្រូវទទួលស្គាល់ជាសមាជិក “World Sailing”
- 2017-07-26 08:09:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាទូកក្ដោងកម្ពុជា ត្រូវទទួលស្គាល់ជាសមាជិក “World Sailing”
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមាជិកភាពរបស់ “World Sailing” ជាផ្លូវការ ដែលទទួលស្គាល់ពីសហព័ន្ធពិភពលោក និងសហព័ន្ធអាស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហព័ន្ធមួយនេះបានធ្វើសកម្មភាពជាច្រើន ថែមទាំងជាប្រភេទកីឡាអូឡាំពិក ទៀតផង។ ប្រភេទកីឡានេះទាមទារនូវធនធានច្រើន និងទីកន្លែងហ្វឹកហាត់មានស្តង់ដារ ពិសេសសមុទ្រ ដែលមានខ្យល់ និងឆ្នេរត្រឹមត្រូវ។
សហព័ន្ធ បានសម្រិតសម្រាំងបានកីឡាករបានចំនួន ១០រូប ក្នុងនោះមាន ៣រូបជាប់ជាកីឡាករជម្រើសជាតិ ដែលលេង ២វិញ្ញាសា។ កីឡាករ សូត្រ មេសា និងកីឡាករ ហៀង សុខហេង អាយុ ១៥ឆ្នាំ លេងវិញ្ញាសា Windsurfing RS:One និងកីឡាករ ឌុច ប៊ុនធឿន ជានាវិកប្រចាំមូលដ្ឋានកងទ័ពជើងទឹករាម អាយុ ៣៣ឆ្នាំ លេងវិញ្ញាសា Laser Radial ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នេះ កម្ពុជានឹងបញ្ជូនកីឡាករ ៣រូបនេះ ទៅចូលរួមប្រកួតលើវិញ្ញាសាទាំងពីរ៕