ប៉ូលិសទៅឆែកឆេរនៅផ្ទះលោកញឹក ប៊ុនឆៃ ដើម្បីរកវត្ថុតាងពាក់ព័ន្ធនឹងគ្រឿងញៀន
- 2017-08-04 12:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសទៅឆែកឆេរនៅផ្ទះលោកញឹក ប៊ុនឆៃ ដើម្បីរកវត្ថុតាងពាក់ព័ន្ធនឹងគ្រឿងញៀន
ចន្លោះមិនឃើញ
កម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ទៅឆែកឆេរដើម្បីរកវត្ថុតាងនៅក្នុងផ្ទះលោក (សង្ស័យលាក់ទុកនៅក្នុងផ្ទះ) ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
ការដឹកនាំកម្លាំងចុះទៅផ្ទះលោកញឹក ប៊ុនឆៃ គឺដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធ។ ការនាំខ្លួនលោកញឹក ប៊ុនឆៃ ទៅឆែកឆេរនៅក្នុងផ្ទះរបស់លោក គឺកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយនៅតំបន់ជិតផ្ទះគាត់។ រហូតមកដល់វេលាម៉ោងជាង៦ល្ងាច នៅមិនទាន់ដឹងថា សមត្ថកិច្ចបានរកឃើញវត្ថុតាងអ្វីខ្លះនៅក្នុងផ្ទះរបស់លោក ញឹក ប៊ុនឆៃ នៅឡើយទេ។ សមត្ថកិច្ចដែលចុះទៅឆែកឆេរ គឺមិនបានផ្តល់ព័ត៌មានអំពីការចុះត្រួតពិនិត្យនេះទេ។
លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងនេះ បានបញ្ជាក់ ថា ករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចកំពុងតែធ្វើការ ហើយលទ្ធផលយ៉ាងណានោះ គឺទុកឲ្យអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីថ្លែងការណ៍។
ចំណែកលោក លី សុផាណា ព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា ចំពោះករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចកំពុងតែធ្វើការ និងកំពុងតែចាត់ការ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីដំណើរការនីតិវិធីក្នុងសំណុំរឿងនេះនោះទេ៕