បញ្ហា​ពីរ មិន​អាច​រារាំង​ក្រុម​វ៉ូវីណាម​កម្ពុជា​ពី​ការ​ដណ្ដើម​មេដាយ​បាន​ឡើយ

  • 2017-08-07 04:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កីឡា​វ៉ូវីណាម​កម្ពុជា បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ នា​ព្រឹក​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៧នេះ ដោយ​នាំ​យក​មក​ជា​មួយ​នូវ​មេដាយ​ចំនួន ២២​គ្រឿង ក្នុង​នោះ​មាន មេដាយ​មាស ៤​គ្រឿង ប្រាក់ ៩គ្រឿង និង​សំរឹទ្ធ ៩​គ្រឿង ព្រម​ទាំង​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម ៤៥​ប្រទេស ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើងឯក​ពិភពលោក​លើក​ទី​៥ នៅ​ប្រទេស​ឥណ្ឌា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ក្រោយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុម​កីឡាករ កីឡា​ការិនី ម្ចាស់​មេដាយ​កីឡា​វ៉ូវីណាម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​សប្បាយ​រីករាយ ចំពោះ​ការ​ទទួល​បាន​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ។ ក្រុម​កីឡាករ កីឡា​ការិនី បាន​បង្ហើប​ពី​បញ្ហា​មួយ​ចំនួន​ក្នុង​អំឡុង​ដំណើរ​ចូលរួម​ប្រកួត​នៅ​ឥណ្ឌា គឺ​បញ្ហា​អាកាស​ធាតុ និង​ម្ហូប​អាហារ។ ទោះ​ជា​យ៉ាង​ណា កត្តា​ទាំងនេះ​មិន​បាន​រារាំង​ពួកគេ​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ឡើយ។

ក្រុម​វ៉ូវីណាម​កម្ពុជា បាន​លើក​ឡើង​ថា ជោគជ័យ​នេះ​បាន​ពី​ការ​​ខិតខំ​ហ្វឹកហាត់ ជា​ពិសេស​ការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់​ដឹកនាំ និង​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា លោក រ័ត្ន សុខន លើ​កីឡាករ កីឡា​ការិនី​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ផ្សេង​ៗ សម្រាប់​ពួកគេ​អនុវត្ត។

សូម​បញ្ជាក់​ថា ក្បូន​ម៉ូតូ​ធំ​ចំនួន​ ១២​គ្រឿង ក៏​បាន​ដង្ហែ​ក្រុម​ប្រតិភូ​កីឡា​វ៉ូវីណាម​កម្ពុជា ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ផងដែរ​៕

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;