អ្វីទៅដែលនាំឲ្យ Messi J ទទួលជោគជ័យជាង CV11 នៅជប៉ុន?
- 2017-08-08 02:35:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅដែលនាំឲ្យ Messi J ទទួលជោគជ័យជាង CV11 នៅជប៉ុន?
ចន្លោះមិនឃើញ
តារាឆ្នើមថៃ Chanathip Songkrasin រហស្សនាម Messi Jay និងតារាឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានទទួលឱកាសទៅលេងនៅប្រទេសជប៉ុន ដោយ Chanathip លេងនៅក្រុម Consadole Sapporo នៃលីគកំពូលជប៉ុន ចំណែក កីឡាកររហស្សនាម CV11 របស់កម្ពុជា លេងនៅក្រុម Fujieda MYFC នៃលីគលំដាប់ទីបីជប៉ុន។ អ្នកទាំងពីរ ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។
យ៉ាងណាមិញ Chanathip ដែលទើបតែទៅដល់ជប៉ុនជាង ១ខែ ត្រូវបានគ្រូបង្វឹកក្រុម Consadole Sapporo ផ្ដល់ឱកាសឲ្យលេងជាជម្រើស ១១នាក់ដំបូងទៅហើយ ស្របពេលដែល ចាន់ វឌ្ឍនាកា មិនទាន់អាចបង្ហាញខ្លួនជាជម្រើស ១១នាក់ដំបូងរបស់ Fujieda បាននៅឡើយ។
សារព័ត៌មានជប៉ុន Yahoo Japan បានមើលឃើញចំណុចវិជ្ជមានរបស់ Chanatip គឺ រូបគេមានសមត្ថភាពអាចសម្របខ្លួនទៅនឹងការលេងរបស់ក្រុមបាន លើសពីការរំពឹងទុក។ មួយវិញទៀត កីឡាករវ័យ២៣ឆ្នាំរូបនេះ ឆាប់ចាប់បានក្នុងការរៀនភាសាជប៉ុន ពិសេសគេមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមថ្មីរបស់គេ។ រូបគេថែមទាំង បង្ហាញការពេញចិត្តនឹងវប្បធម៌ជប៉ុន ដែលកីឡាករបរទេសភាគច្រើនមិនអាចធ្វើបាននៅចំណុចនេះ ហើយក៏សម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
បន្ថែមពីនេះ លោក Shuhei Yomoda អ្នកចាត់ការក្រុម Sapporo ធ្លាប់សរសើរ Chanathip ថា មានតិចនិកល្អ ដែលនឹងអាចជួយក្រុមរបស់លោកបានច្រើន។
សម្រាប់ ចាន់ វឌ្ឍនាកា ធ្លាប់ត្រូវបានគ្រូបង្វឹកលោក Atsuto Oishi របស់ Fujieda លើកឡើងថា រូបគេត្រូវការល្បឿនបន្ថែមទៀត ទាំងក្នុងពេលប្រយុទ្ធ និងពេលការពារ ពិសេសបញ្ហាកម្លាំងត្រូវខិតខំហ្វឹកហាត់បន្ថែម។ ចំណែក សាមីខ្លួនផ្ទាល់ ក៏ធ្លាប់ប្រាប់ដល់សារព័ត៌មាន Vietnam-Football កន្លងទៅដែរថា បញ្ហាដែលខ្លួនប្រឈមនៅជប៉ុន រួមមាន ភាសា អាកាសធាតុ និងការមិនទាន់យល់ច្បាស់ពីរបៀបលេងរបស់ក្រុម។ ប៉ុន្តែ កីឡាករមានប្រភពពីខេត្តកំពតដដែល បានអះអាងថា ខ្លួននឹងព្យាយាមពង្រឹងផ្នែកកាយសម្បទារបស់គេឲ្យបានប្រសើរឡើង៕