លោក ផៃ ស៊ីផាន ថា "​បាក់​ធ្មេញ គល់​ឫស្សី ឬ​មឈូស" ជា​ភាសា​សាមញ្ញ

  • 2017-08-09 13:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ី​ផាន មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​លើកឡើង​ថា ការ​ប្រើ​ពាក្យពេចន៍ "បាក់​ធ្មេញ" “គល់​ឫស្សី" ឬ “មឈូស" ដោយ​ឥស្សរជន​ខ្មែរ គឺ​គ្រាន់​តែ​ជា​ការ​រម្លឹក កុំឲ្យ​មាន​ការ​ប្រព្រឹត្ត​ល្មើស​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​បំភិតបំភ័យ​ឡើយ​។

លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម រួមទាំង​អ្នកវិភាគ​មួយ​ចំនួន បាន​និង​កំពុង​ព្យាយាម​បំភ្លៃ​ន័យ​ដើម នៃ​សម្ដី​ដ៏​សាមញ្ញ​របស់​ថ្នាក់​ដឹកនាំ រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​អាក្រក់ ដែល​អាច​ចាត់​ទុក​ថា ជា​យុទ្ធនាការ​ធ្វើ​ឲ្យ​មតិ​សាធារណៈ ជាតិ​និង​អន្តរជាតិ មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់។

អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បកស្រាយ​ថា ពាក្យ​ទាំង​នេះ​ជា​ពាក្យ​សាមញ្ញ ក្នុង​កិច្ច​ព្រមាន ឬ រម្លឹក​ឲ្យដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​ប្រព្រឹត្ត​ល្មើស ដែល​ស្មើ​នឹង​ពាក្យ​អង់គ្លេស "Warning” ។

ការ​បកស្រាយ​របស់​លោក ផៃ ស៊ីផាន ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​លើកឡើង​របស់​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ដែល​ថា អ្នក​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ នឹង​ត្រូវ​ក្បាល​នឹង​គល់​ឫស្សី និង​សារ​របស់​សម្ដេច ហ៊ុន សែន ឲ្យ​ត្រៀម​មឈូស សម្រាប់​ដាក់​អ្នក​តវ៉ា ព្រមទាំង​ការ​ព្រមាន​របស់​លោក ទៀ បាញ់ ដែល​ថា នឹង​វាយ​បាក់​ធ្មេញ​ចំពោះ​ក្រុម​អ្នក​តវ៉ា ប្រឆាំង​លទ្ធផល​បោះឆ្នោត៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;