គ្រូ U22 ម៉ាឡេស៊ី ពន្យល់​ពី​កំហុស​អ្នកចាំ​ទី​ ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង

  • 2017-08-30 07:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ong Kim Swee គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ U22 ម៉ាឡេស៊ី បាន​សារភាព​ថា បរាជ័យ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ស៊ីហ្គេម ទល់​នឹង​ក្រុម​ថៃ យប់មិញ បាន​ធ្វើឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ខកចិត្ត និង​ឈឺចាប់​យ៉ាង​ខ្លាំង។ យ៉ាង​ណា​ក៏ដោយ លោក​មិន​បន្ទោស​អ្នកចាំទី​របស់​ម៉ាឡេស៊ី ដែល​បាន​យក​ដៃ​ដាល់​បាល់​ខុស​បច្ចេកទេស ធ្វើឲ្យ​ចូល​ទី​ខ្លួន​ឯង ១​គ្រាប់ និង​ជា​គ្រាប់​ជ័យជម្នះ​របស់​ថៃ នោះ​ទេ។

លោក​បាន​បន្ត​ថា អ្នកចាំទី Haziq Nadzli និង​សមាជិក​ដទៃ​ទៀត បាន​បង្ហាញ​ថា ពួកគេ​គឺជា​ទំពាំង​ដ៏​ល្អ ដើម្បី​ស្នង​ឫស្សី សម្រាប់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃ​អនាគត។ «ពួកយើង​បាន​ធ្វើឲ្យ​ថៃ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​ប្រកួត​នេះ។ ខ្ញុំ​កោត​សរសើរ​ដល់​កីឡាករ​របស់​ខ្ញុំ ដែល​បាន​លេង​ដោយ​អស់ពី​សមត្ថភាព។ វា​ជា​រឿង​ដ៏​ឈឺ​ចាប់​មួយ ដែល​បង្ក​ឲ្យ​កើត​មាន​គ្រាប់​បាល់​ដូច្នោះ សម្រាប់​កីឡាករ​គ្រប់ៗ​រូប រួម​ទាំង Haziq ផង​ដែរ»

«ខ្ញុំ​សង្ឃឹម​ថា ពួកយើង​មិន​បង្ក​ការ​លំបាក​ដល់ Haziq ដោយ​ចាត់ទុក​គេ​ជា​មនុស្ស​អាក្រក់​នោះទេ។ គេ​នៅ​ក្មេង និង​មាន​អនាគត​ភ្លឺស្វាង​»។ នេះ​ជា​សម្ដី​របស់​គ្រូបង្វឹក​ម៉ាឡេស៊ី​ខាងលើ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;