អាជ្ញាធរខេត្តសៀមរាប ចាត់វិធានការចំពោះហាងនៅ Pub Street
- 2017-09-06 07:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តសៀមរាប ចាត់វិធានការចំពោះហាងនៅ Pub Street
ចន្លោះមិនឃើញ
លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវឲ្យម្ចាស់ហាង និងភោជនីយដ្ឋាននៅតំបន់ Pub Street ធ្វើការរុះរើ ឬកាត់សំយាប ដែលបានលៀនចេញមកចិញ្ចើមផ្លូវ ធ្វើឲ្យបាត់បង់នូវសោភណភាពក្រុងសៀមរាប ជាក្រុងដែលត្រូវបានដាក់ប្រឡងប្រណាំងក្នុងតំបន់អាស៊ាន។
ការបញ្ជារបស់លោក ឃឹម ប៊ុនសុង បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលលោកបានដឹកនាំគណៈប្រតិភូខេត្ត ចុះធ្វើការត្រួតពិនិត្យមើល អំពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសៀមរាប។
ក្នុងពេលចុះធ្វើការត្រួតពិនិត្យមើលពីសណ្ដាប់ធ្នាប់ គណៈប្រតិភូខេត្តសៀមរាប បានសង្កេតឃើញថា នៅក្នុងតំបន់ផ្សារចាស់ Pub Street នេះ កំពុងមានភាពអាណាធិបតេយ្យក្នុងការលក់ដូរ នៅតាមភោជនីយដ្ឋានមួយចំនួន។ ម៉្យាងទៀត តំបន់ Pub Street នេះ ជាទីប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅក្នុងពេលរាត្រី ព្រមទាំងបណ្តាភោជនីយដ្ឋាន និងក្លឹបកម្សាន្តមួយចំនួន បានធ្វើការចាក់ឌីសស្កូ បំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ អ្នកជម្ងឺក្នុងមន្ទីរពេទ្យ និងព្រះសង្ឃក្នុងវត្ត នៅក្នុងពេលរាត្រី ដោយមិនបានគោរពទៅតាមច្បាប់កំណត់ឡើយ ។ ក្នុងនោះដែរ ក៏មានម្ចាស់ភោជនីយដ្ឋានមួយចំនួន បានយកចិញ្ចើមផ្លូវ និងផ្លូវឌឿងហែមធ្វើជាកម្មសិទ្ធិរកស៊ីរបស់ខ្លួនទៀតផង។
ដោយសារបញ្ហាទាំងនេះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និងមន្ទីរជំនាញ ក៏ដូចលោកស្នងការខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ភោជនីយដ្ឋានជាមុន ដើមី្បឲ្យពួកគាត់បានយល់អំពី បញ្ហាការកើតឡើងនូវហានិភ័យចំពោះខ្លួន នៅពេលដែលបងប្អូននាំគ្នាធ្វើការបិទនូវផ្លូវឌឿងហែម ដែលជាច្រកចេញចូលយកទៅធ្វើការប្រកបអាជីវកម្មរបស់ខ្លួននោះ៕