U18 ថៃនិងម៉ាឡេស៊ី ឈ្នះប៉េណាល់ទីដូចគ្នា ឡើងប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ ដូចកាលស៊ីហ្គេម
- 2017-09-16 03:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U18 ថៃនិងម៉ាឡេស៊ី ឈ្នះប៉េណាល់ទីដូចគ្នា ឡើងប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ ដូចកាលស៊ីហ្គេម
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំ (U18) ថៃ និង U18ម៉ាឡេស៊ី នឹងត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ (2017 AFF U18 Youth Championship) បន្ទាប់ពីថៃ យកឈ្នះឥណ្ឌូណេស៊ី ដោយបាល់ប៉េណាល់ទី ៣-២ ខណៈម៉ាឡេស៊ី យកឈ្នះម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ដោយការទាត់បាល់ ១១ម៉ែត្រដូចគ្នា ក្នុងលទ្ធផល ៥-៤ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។ ទាំង ២គូ សុទ្ធតែមិនអាចរកគ្រាប់បាល់បានដូចគ្នា ក្នុងរយៈពេល ៩០នាទី។
ថៃ នឹងត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅវគ្គផ្តាច់ព្រ័ត្រ នាប្រទេសមីយ៉ាន់ម៉ា។ ជំនួបនេះ គឺដូចកាលពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលទើបតែបញ្ចប់ចុងខែសីហាកន្លងទៅ ដែលក្រុម U22 ថៃ បានយកឈ្នះ U22 ម៉ាឡេស៊ី ដោយលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យថៃក្លាយជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ ក្នុងវិញ្ញាសាបាល់ទាត់បុរស ជាលើកទី១៦។
សូមបញ្ជាក់ថា U18 ថៃ និង U18 ម៉ាឡេស៊ី សុទ្ធតែជាក្រុមមកពីពូល A កាលពីវគ្គសន្សំពិន្ទុ ដោយធ្លាប់ឈ្នះ ៤ប្រកួត និងស្មើ ១ប្រកួតដូចគ្នា។ ប៉ុន្តែម៉ាឡេស៊ី ឈរនៅលេខ១ ដោយសារមានគ្រាប់ចំណេញច្រើនជាង។
ចំណែកការប្រកួតដណ្ដើមយកលេខ៣ រវាងក្រុម U18 ឥណ្ឌូណេស៊ី ជាមួយមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅថ្ងៃដដែល វេលាម៉ោង ៣:៣០ នាទីរសៀល៕