សំ វណ្ណដេត ​ប្រាប់​​ពីចំណុចដែលត្រូវ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​ប៉ះ​បឹងកេត

  • 2017-10-14 03:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង លោក សំ វណ្ណដេត បាន​ក្រើន​រំឭក​ដល់​សមាជិក​កូនក្រុម​របស់​លោក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្រុម​បឹង​កេត ក្នុង​សប្ដាហ៍​ទី​១៧ លីគ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧​នេះ។

ក្រុមព្រះខ័នរាជស្វាយរៀង
លោក សំ វណ្ណដេត បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​រៀបចំ​រួច​ជា​ស្រេច ដើម្បី​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត ដោយ​មាន​ការ​សហការ​គ្នា​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ហ្វឹកហាត់​តាម​ពេល​វេលា​កំណត់ ទោះ​បី​ជា​កីឡាករ​មួយ​ចំនួន​ជាប់​បំពេញ​ការងារ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក៏​ដោយ។

លោក​ឲ្យ​ដឹង​ថា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បន្ថែម​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ទាំង​ការ​ប្រយុទ្ធ និង​ការ​ការពារ​ចំពោះ​បឹង​កេត ដែល​ជា​ក្រុម​ពោរពេញ​ដោយ​បទពិសោធន៍ ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ។

ក្រុមព្រះខ័នរាជស្វាយរៀង

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ទី​មួយ រដូវ​កាល​នេះ ក្រុម​ទាំង​ពីរ ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើគ្នា ២-២ ប៉ុណ្ណោះ។ បច្ចុប្បន្ន ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​លើ​កំពូល​តារាង មាន ៣៧​ពិន្ទុ ខណៈ​បឹងកេត ឈរ​នៅ​លេខ​៤ តាម​ពី​ក្រោយ​ព្រះខ័នរាជ​ស្វាយរៀង ៧​ពិន្ទុ។

ដោយឡែក គូ​ធំ​ៗ​ចំនួន ២​គូ​ទៀត នឹង​ធ្វើ​ការ​ប្រកួត​នៅ​ម៉ោង​ដំណាល​គ្នា​ផង​ដែរ គឺ ភ្នំពេញ​ក្រោន Vs ណាហ្គា​វើល នៅ​កីឡដ្ឋាន RSN និង ក្រសួង​ការពារ​ជាតិ Vs Cambodian Tiger នៅ​ស្តាត​ចាស់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;