ហង្សមាសចំណាយជាង ៥ពាន់ដុល្លារ ដើម្បីធ្វើបុណ្យសព សាន ស្រីឡៃ
- 2017-10-18 09:40:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្សមាសចំណាយជាង ៥ពាន់ដុល្លារ ដើម្បីធ្វើបុណ្យសព សាន ស្រីឡៃ
ចន្លោះមិនឃើញ
រហូតដល់រសៀលថ្ងៃទី១៨ ខែតុលានេះ ពិធីបុណ្យសពតារាចម្រៀង សាន ស្រីឡៃ បានបញ្ចប់ហើយ។ ក្រុមហ៊ុនរស្មីហង្សមាស បានចំណាយជាង ៥០០០ដុល្លារ ដើម្បីរៀបចំពិធីបុណ្យសព។ នេះបើតាមលោក មាស រិទ្ធី តំណាងក្រុមហ៊ុនរស្មីហង្សមាស។
លោក មាស រិទ្ធី បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលានេះថា “ជំហររបស់ហង្សមាស ជាមួយអាចារ្យមាស សំណាង បញ្ចប់ត្រឹមនេះចុះ ព្រោះបុណ្យសព សាន ស្រីឡៃ បានចប់ចុងចប់ដើមហើយដែរ ចំណែកឯលុយ ដែលតម្រូវឲ្យហង្សមាសចំណាយ ទៅវត្តរហូត ២៦០០ដុល្លារ ដែលមិនសមហេតុផល ក៏យើងមិនបានចំណាយដែរ។ គ្រាន់តែចង់ប្រាប់ទៅអាចារ្យវិច អាចារ្យវេច អាចារ្យវត្ត អាចារ្យវាំង កុំឲ្យមានមេរៀននេះកើតឡើងនៅតាមទីអារាមវត្ត ក្នុងប្រទេសយើងតទៅទៀត"។
លោក មាស រិទ្ធី បានបញ្ជាក់ថា “រាល់ការចំណាយពិធីបុណ្យសព សាន ស្រីឡៃ ដល់ទីបញ្ចប់នេះ សរុបទឹកប្រាក់ជាង ៥០០០ដុល្លារ និងប្រគេនបច្ច័យទៅវត្ត ៤០០ដុល្លារ ជូនតាអាចារ្យ ៦នាក់ អាចារ្យធំ ១៥ម៉ឺនរៀល និងអាចារ្យ ៥នាក់ផ្សេងទៀត ម្នាក់ៗ ១០ម៉ឺនរៀល។ បញ្ចប់បញ្ហា ដើម្បីឲ្យព្រលឹងអ្នកស្លាប់ទៅឲ្យបានសុខ..”។
សូមរម្លឹកថា តារាចម្រៀង សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ សពរបស់នាង ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕