អ្នក​ប្រដាល់​កម្ពុជា​ម្នាក់ ប្ដេជ្ញា​លើក​មុខ​មាត់​ប្រទេស​ជាតិ នៅ​ភូមា

  • 2017-10-26 03:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់​គុន​ខ្មែរ​ម្នាក់​របស់​ក្លឹប​ប្រដាល់ Cambodia Top Team បាន​សន្យា​ខំប្រឹង​ប្រកួត​យក​ជ័យជម្នះ​នៅ​ប្រទេស​ភូមា ដើម្បី​ជា​មុខមាត់​ប្រទេស​ជាតិ ក៏ដូចជា​ការ​បង្ហាញ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

កីឡាករ រិន សារ័ត្ន បាន​ឲ្យដឹង​ថា សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ភូមា នា​ដើម​ខែ​វិច្ឆិកា​នេះ គេ​ប្ដេជ្ញា​ចិត្ត​ខំ​ប្រឹង​ដើម្បី​យក​ជ័យជម្នះ​មក​កម្ពុជា​វិញ។ ហើយ​បច្ចុប្បន្ន ជើង​ខ្លាំង​រូបនេះ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ទាំង​កម្លាំង និង​ស្នៀត​ប្រយុទ្ធ​ផ្សេងៗ។

កីឡាករ រិន សារ័ត្ន
ជុំវិញ​ការ​ប្រកួត អ្នក​ប្រដាល់​ដដែល​បន្ថែម​ថា គេ​តម្រូវ​ឲ្យ​រុំ​អំបោះ​ជំនួស​ហ្គង់ ហើយ​ពេល​កីឡាករ​ចាប់​គ្នា ពួកគេ​អាច​យក​ក្បាល​បុក ឬ គោះ​លើ​ដៃ​គូ​បាន។ រូបគេ​យល់​ថា ចំណុច​ទាំង​នេះ ជា​ការ​លំបាក​ខ្លះ​ដល់​អ្នក​ប្រដាល់​កម្ពុជា ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​រូបគេ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ និង​យូរ​គួរសម។

ចំណែក​លោក​ ហ៊ុន​ ចាន់រាជ​ គ្រូ​បង្វឹក​របស់​ក្លឹប​ប្រដាល់​ Cambodia Top Team​ បាន​ឲ្យ​ដឹង​ដែរ​ថា ​សមត្ថភាព​ដៃ​គូ​របស់​កូន​សិស្ស​របស់​លោក​ គឺ​មិន​ជា​ខ្លាំង​អ្វី​ណាស់​ណា​នោះ​ទេ។​ បើ​ប្រៀបធៀប​ស្នៀត​ប្រយុទ្ធ​វិញ ​គឺ​ចាញ់​ រិន​ សារ័ត្ន​ ហើយ​អ្វី​ដែល​ចាប់​អារម្មណ​នោះ​ គឺ​របៀប​វ៉ៃ​របស់​ពួកគេ​ខុស​ពី​កម្ពុជា​ខ្លះ​ៗ​ អាច​ជា​ការ​លំបាក​របស់​កីឡាករ​កម្ពុជា។​

លោក​ ហ៊ុន​ ចាន់រាជ​

រិន​ សារ័ត្ន​ រួម​និង​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នា​ថ្ងៃ​ទី៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​ចូលរួម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម្ចាស់​ផ្ទះ​ភូមា ​នា​ថ្ងៃ​ទី៤ ​វិច្ឆិកា​ ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;