គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រកាស​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល និង​អរគុណ​រដ្ឋាភិបាល

  • 2017-11-17 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ គាំទ្រ​ពេញ​ទំហឹង​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ហាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ១១៨នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ឆ្នាំ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អះអាងថា ចំណាត់ការ​របស់​តុលាការ​កំពូល គឺ​ត្រឹមត្រូវ ស្រប​តាម​ពាក្យប​ណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ន៍សង្គម ទប់​ស្កាត់​បក្ស​នយោបាយ​ដែល​បាន​ឃុតឃិត​ជាមួយ​បរទេស។

ក្រៅ​ពី​គាំទ្រ​ការ​សម្រេច​របស់​តុលាការ​កំពូល គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​ផងដែរ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល គណបក្ស​ហ្វ៊ិនស៊ិនប៉ិច បញ្ជាក់ថា៖ "គណបក្ស​ហ៊្វុនស៊ិនប៉ិច សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ និង​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ចាត់​វិធានការ​ទាន់​ពេល​វេលា ប្រកប​ដោយ​ស្មារតី​ជាតិ​និយម ក្នុង​ការ​ប្រមូល​ភស្ដុតាង​ជា​ច្រើន ដើម្បី​ផ្ដល់​ជូន​ស្ថាប័ន​តុលាការ ចំពោះ​អំពើ​ទាំង​ឡាយ​របស់​គណបក្ស​សង្រ្គោះជាតិ..."។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថ្លែង​ទៅ​កាន់​សមាជិក​គណបក្ស​ហ្វ៊ិនស៊ិនប៉ិច នា​ពេល​កន្លង​មក
គួរ​បញ្ជាក់ថា ក្រោយ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ភ្លាម កាលពី​ល្ងាច​ថ្ងៃ​ទី១៦ វិច្ឆិកា​ម្សិលមិញ​នេះ សម្ដេច​ហ៊ុន សែន នាយករដ្ឋ​មន្រ្ដី​ បាន​ថ្លែង​សារ​គាំទ្រ​សេចក្ដី​សម្រេចរបស់​តុលាការ​កំពូល ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​នេះ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ រី​ឯគណបក្ស​សង្រ្គោះជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដើម្បី​ថ្កោលទោស​ចំពោះ​ការ​សម្រេច​នោះ។

គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ក៏​បាន​ប្រកាស​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ផង​ដែរ។ ផ្ទុយ​ពី​គ្នា​នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ សម្តែងការសោកស្តាយ​សេចក្ដី​សម្រេច​នេះ ដោយ​ថាសេចក្ដី​សម្រេច​នេះ បាន​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;