គ.ជ.ប ប្រកាស​ថា ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រួចរាល់​មុនថ្ងៃ​ទី២៤​វិច្ឆិកា

  • 2017-11-20 10:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ត្រូវ​រៀបចំ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត ឲ្យបាន​មុនថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ នេះ​បើតាម​លោក សោម សូរីដា អគ្គ​លេខា​ធិការ​រង គ.ជ.ប បាន​ឲ្យដឹង​នៅថ្ងៃ​ទី២០​វិច្ឆិកា​នេះ។

លោក សោម សូរីដា បាន​បញ្ជាក់​ថា យ៉ាងយូរ​ត្រឹម​ថ្ងៃ ២៤ វិច្ឆិកា​ខាងមុខ គ.ជ.ប នឹង​ដំណើរការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា។ ការ​បែងចែក​អាសនៈ​នេះ នឹង​ធ្វើឡើង​តាម​ច្បាប់​បោះឆ្នោត ដែល​ទើបតែ​ធ្វើ​វិសោធនកម្ម និង​រួម​បញ្ចូល​ទំាងបទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​អនុវត្ត​មាត្រា ១៣៨​ស្ទួន នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផងដែរ។

លោក សោម សូរីដា អគ្គ​លេខា​ធិការ​រង គ.ជ.ប
សម្រាប់​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប នៅ​រដ្ឋសភា ត្រូវបាន គ.ជ.ប ប្រកាស​ថា នឹង​ត្រូវ​បែងចែក​ទៅឲ្យ​គណបក្ស​នយោបាយ​ចំនួន​៦ ដែលក្នុង​នោះ​រួមមាន គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ។

ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា មិន​ទទួល​បាន​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋសភា​ទេ ខណៈ​ដែល​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោក​ ខឹម វាសនា បាន​ប្រកាស​បដិសេធ មិន​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋសភា នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ និង​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នោះ​ឡើយ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;