គ.ជ.ប បញ្ចប់​ការ​បែង​ចែក​អាសនៈ​រដ្ឋសភា​ទាំង ៥៥ របស់​ CNRP នៅ​ថ្ងៃស្អែក

  • 2017-11-22 12:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បែងចែក​អាសនៈ​រដ្ឋសភា ចំនួន ៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត នឹង​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចាត់ចែង​រួចរាល់ នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ក្នុង​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ។ នេះ​បើ​តាម​អគ្គលេខាធិការ​រង​ គ.ជ.ប។

លោក សោម សូរីដា អគ្គ​លេខាធិការ​រង គ.ជ.ប បាន​ឲ្យដឹង​ថា គ.ជ.ប នឹង​ប្រឹងប្រែង សម្រេច​កិច្ចការ​នេះ​ឲ្យ​លឿន​បំផុត ហើយ​នឹង​បញ្ចប់ នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​បញ្ជូន​បញ្ជី​តំណាងរាស្ត្រ​ថ្មី​នៃ​ការ​បែងចែក​អាសនៈ​ទាំង ៥៥​នោះ ជូន​រដ្ឋសភា អនុវត្ត​បន្ត​នូវ​នីតិវិធី​តាម​ផ្លូវ​ច្បាប់។

គ.ជ.ប បាន​ប្រកាស​ថា គណបក្ស​ចំនួន ៦ នឹង​ទទួល​បាន​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ រួមមាន គណបក្ស​ហ្វិនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

លោក សោម សូរីដា បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង ៦ ដែល​ចូលរួម​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣ បាន​ឆ្លើយតប​មក​កាន់ គ.ជ.ប រួចរាល់​ហើយ។ ក្នុង​នោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ មិន​ទទួល​យក​អាសនៈ​នោះ​ឡើយ។

ដូច្នេះ បើ​តាម​អគ្គលេខាធិការ​រង​ គ.ជ.ប ដដែល គណបក្ស​ទាំងពីរ​នេះ នៅ​តែ​ស្ថិត​ក្នុង​នីតិវិធី​បែងចែក​អាសនៈ​របស់ គ.ជ.ប នៅ​ឡើយ​ទេ ដោយ​ដំណាក់​កាល​ទី១ គ.ជ.ប រៀបចំ​ចែក​អាសនៈ​ទាំង៥៥ ទៅ​តាម​សំឡេង​សមាមាត្រ​របស់​គណបក្ស​ទាំង៦ ដើម្បី​ឲ្យ​ដឹង​ថា គណបក្ស​ណា ទទួល​បាន​សំឡេង​ប៉ុន្មាន ហើយ​បន្ទាប់​មក គ.ជ.ប នឹង​យក​ចំនួន​អាសនៈ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួល​យក​នោះ ទៅ​បែងចែក​បន្ត​ទៀត តាម​រូមមន្ត​ដដែល​។

សូម​បន្ថែម​ថា តាម​នីតិវិធី ក្រោយ​ពី​ គ.ជ.ប បែងចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​ រូប ទៅ​ឲ្យ​គណបក្ស​នយោបាយ​ទាំង ៤ រួម​មាន៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​រួចហើយ។ គ.ជ.ប នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ថ្មី ទាំង ៥៥ រូប ទៅ​កាន់​រដ្ឋសភា ដែល​តាម​ច្បាប់​កំណត់​យ៉ាងយូរ ត្រឹម​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ នៅ​ពេល​នោះ រដ្ឋសភា នឹង​រៀបចំ​ប្រជុំ​បោះឆ្នោត ជ្រើស​តាំង​សមាជិក​ គ.ជ.ប ៣ រូប ដើម្បី​ជំនួស​សមាជិក​ គ.ជ.ប ៣ រូប មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​ពាក្យ​លាលែង កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ឡេងប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ ​គ.ជ.ប បញ្ជាក់​ថា សមាជិក​ គ.ជ.ប ថ្មីទាំង ៣ រូប​នោះ នឹង​ត្រូវ​ជ្រើស​ចេញ​ពី​គណបក្ស​ផ្សេង ដែល​ទទួល​បាន​អាសនៈ​នៅ​រដ្ឋ​សភា មិនមែន​ជ្រើស​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ រដ្ឋសភា នឹង​ប្រជុំ​បោះឆ្នោត​លើ​ករណី​នេះ នៅ​សប្តាហ៍​ក្រោយ​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;