អតីតគ្រូក្រុមជម្រើសជាតិ មិនទាន់សម្រេចពីរឿងអនាគត
- 2017-11-23 02:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូក្រុមជម្រើសជាតិ មិនទាន់សម្រេចពីរឿងអនាគត
ចន្លោះមិនឃើញ
លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា៖ «ឆាប់ៗខាងមុខនេះ អ្នកទាំងអស់គ្នានឹងបានដឹងពីរឿងអនាគតរបស់ខ្ញុំហើយ! ពេលនេះ ខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយទេ»។
ការបង្ហើបរបស់លោក Leonardo ដែលបានចែកផ្លូវពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីខែតុលាកន្លងទៅ បានធ្វើឡើងស្របពេលជាមួយការប្រារព្ធថ្ងៃកំណើតរបស់លោក ដែលត្រូវនឹងថ្ងៃទី២៣វិច្ឆិកានេះ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដដែល បានសរសេរថា៖ «ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ខ្ញុំ ប៉ុន្តែឆ្នាំ២០១៧នេះ កាដូរបស់ខ្ញុំគឺបានពីអ្នកគាំទ្រនៅកម្ពុជា។ អរគុណ កីឡាករ បុគ្គលិក ជាពិសេសអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានអបអរចំពោះជ័យជម្នះលើកដំបូងរបស់កម្ពុជា លើប្រទេសដែលមកពីអារ៉ាប់!»។
គួររំឭកថា កម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup នាពេលកន្លងទៅ ដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិ កាលពីខែមិថុនា កន្លងទៅ។ ពេលនោះ កម្ពុជារកគ្រាប់បាល់បានពីខ្សែបម្រើ ប្រាក់ មុន្នីឧត្តម៕