LDP កំពុង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​ប្តឹង​បក​ទៅ​ព្រះសង្ឃ​ដែល​ប្ដឹង​លោក​ ខឹម វាសនា

  • 2017-11-28 06:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កូវ គា អ្នក​នាំ​ពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​បដិសេធ​ថា ការ​ប្តឹង​របស់​ព្រះតេជគុណ ហោ សុខុន និងព្រះតេជគុណ មាស រីណា ទៅ​លើ​លោក ខឹម វាសនា គឺ​ជា​ការ​មួលបង្កាច់។ លោក​បញ្ជាក់​ថា LDP កំពុង​តែ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​ប្តឹង​បក​វិញ។

លោក កូវ គា អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ
លោកកូវ គា បាន​ថ្លែង​ប្រាប់​ខ្លីៗ​នៅ​ព្រឹក​ថ្ងៃទី២៨ វិច្ឆិកា​នេះ​ថា "គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បង្កើត​ឡើង ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។ ព្រះសង្ឃ​ដែល​បាន​ប្តឹង​នោះ គឺ​គ្មាន​សិទ្ធិ​ចោទប្រកាន់ ឬក៏​ដៀល​មកលើ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ទេ។ ការចោទ​ប្រកាន់​នេះ គឺ​រំលោភ​លើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​រំលោភ​ទៅ​លើ​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ការចោទ​ប្រកាន់​បែបនេះ លុះ​ត្រាតែ​មាន​ការចោទ​ប្រកាន់​ពីក្រសួង​មហាផ្ទៃ ឬក៏​តុលាការ"។
លោក ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំសង្កាត់ កាលពី​ខែ​មិថុនា​កន្លង​ទៅ

អ្នក​នាំពាក្យ​ដដែល បាន​បន្ថែម​ទៀត​ថា "ទាក់ទង​ករណី​នេះ គណបក្ស​នឹង​ធ្វើការ​ពិគ្រោះ​គ្នា ហើយ​នឹង​ធ្វើ​ការ​សម្រេច​ថា​ត្រូវ​ប្តឹង​បក​វិញ ឬយ៉ាង​ណា។ ក្រុម​លោក​សង្ឃ​ដែល​ប្តឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺជា​ក្រុម​សង្ឃ​ដដែលៗ”៕

គួរ​បញ្ជាក់ថា ព្រះ​តេជគុណ ហោ សុខុន ចៅអធិការ​វត្ត​ច្បារអំពៅ និង​ព្រះតេជគុណ មាស រីណា ​ព្រះ​គ្រូសូត្រ​ឆ្វេង​វត្ត​សន្តិភាព បាន​ប្ដឹង​លោក​ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃទី២៧ ខែវិច្ឆិកា​ម្សិលមិញ​នេះ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ បាន​ចោទ​លោក​ខឹម វាសនា ជា​ច្រើន​ករណី ដូច​ជា​​បទ​សាបព្រោះ​វប្បធម៌​ជេរ​ប្រមាថ ប្រមាថ​ព្រះមហាក្សត្រ ញុះញង់​បំបែក​បំបាក់​ជាតិ​ខ្មែរ ប្រមាថ​ស្ថាប័ន​ព្រះសង្ឃ និង​ញុះញង់​ឲ្យមាន​បដិវត្តន៍​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ជាដើម៕

ព្រះតេជគុណ ហោ សុខុន និង​ក្រុម​ព្រះសង្ឃ​ដែល​ចូលរួម​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ខឹម វាសនា នៅ​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃ​ទី២៧ វិច្ឆិកា​ម្សិលមិញ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;