Leonardo៖ ខ្ញុំ​នឹង​ទៅ​ដឹកនាំ​វិញ ប្រសិនបើ​សម្ដេច ហ៊ុន សែន ទាក់ទង​មក​ខ្ញុំ​ដោយ​ផ្ទាល់

  • 2017-12-14 03:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហើប​ថា អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​ចង់​ឲ្យ​លោក​ត្រឡប់​មក​ដឹក​នាំ​វិញ បន្ទាប់ពី​ចែក​ផ្លូវ​ពី​កម្ពុជា កាល​ពី​ខែតុលា កន្លងទៅ។ ប៉ុន្តែ បុរស​ជនជាតិ​ប្រេស៊ីល​រូប​នេះ​បញ្ជាក់​ថា លោក​មិន​ត្រឡប់​មក​វិញ​ឡើយ លុះត្រាតែ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​រូបលោក​ដោយ​ផ្ទាល់​។ នេះ​ជា​ការ​សរសេរ​របស់​សារព័ត៌មាន TheMorning នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ។

លោក Leonardo Vitorino និងអ្នកគាំទ្រកម្ពុជា
លោក Leo បាន​ប្រាប់​ថា៖ ***«ខ្ញុំ​នឹង​ត្រឡប់​ទៅ (កម្ពុជា) វិញ នៅ​ពេល​ដែល​សម្ដេច ហ៊ុន សែន ទាក់ទង​មក​ខ្ញុំ​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ណាមួយ។ ខ្ញុំ​ត្រូវ​ការ​អំណាច​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​មិន​ប្រើប្រាស់​បុគ្គលិក​និង​កីឡាករ​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ឡើយ»***។

«ខ្ញុំ​បាន​ទទួល​សំណើ​ពី​ក្លឹប​ពីរ​នៅ​លីគ​កំពូល​ថៃ ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​បាន​សម្រេច​ថា នឹង​ស្នាក់នៅ (ប្រទេស​ប្រេស៊ីល ដើម្បី​ប្រារព្ធ) ពិធី​បុណ្យ​ណូអែល ជាមួយ​ឪពុកម្ដាយ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ចាប់ផ្ដើម​ការងារ​ជា​ថ្មី នៅ​ខែ​មករា​ខាង​មុខ»។ អតីត​គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ថែម​។

លោក Leonardo Vitorino

បុរស​វ័យ៤៤​ឆ្នាំ​រូបនេះ បាន​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​បាន​ចំនួន ៧​ប្រកួត ក្នុង​នោះ ចាញ់ ៦ និង​ឈ្នះ១ (ឈ្នះ​អាហ្វហ្គានីស្ថាន ១-០​)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;