កម្ពុជា ឡើង​ទៅវគ្គជម្រុះតាមពូល FIFA World Cup 2022 ក្រោយឈ្នះប៉ាគីស្ថាន ទាំង២ជើង

  • 2019-06-11 17:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា បានឆ្លងផុត​វគ្គជម្រុះ​តំបន់អាស៊ី​ ជុំទី១ FIFA World Cup 2022 ក្រោយ​ឈ្នះ​ក្រុម​ប៉ាគីស្ថាន ២-១ ក្នុងការប្រកួតជើងទី២ ពោលគឺឈ្នះ​ដោយលទ្ធផល​សរុបទាំង២ជើង ៤-១ (ជើងទី១ កម្ពុជា ឈ្នះ ២-០) នាយប់ថ្ងៃទី១១ មិថុនានេះ។

២គ្រាប់របស់កម្ពុជា នាការប្រកួតជើងទី២ នេះ ធ្វើបានដោយកីឡាករ សេត រ៉ូហ្ស៊ីប នាទី ៦៤ និង រ៉ឹង ប៊ុនហៀង នាទី ៨៩ ចំណែក១គ្រាប់របស់ប៉ាគីស្ថាន ធ្វើបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ Hassan Bashir នាទី ១៨។

ក្រុមជម្រើសជាតិកម្ពុជា (រូបភាពកាលពីប្រកួតជើងទី១)
លទ្ធផលនេះ ជួយឲ្យកម្ពុជា ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គជម្រុះ​ជុំទី២ (តាមពូល) ទល់នឹង​ក្រុម ៤ទៀត។ ក្នុងការប្រកួតជុំទី២ មានក្រុមទាំងអស់ ៤០ ដោយត្រូវបែងចែកជា ៨ពូល ក្នុង១ពូល មាន ៥ក្រុម ដោយ​ធ្វើឡើងតាមរូបមន្តប្ដូរទឹកដី ដោយក្រុមទាំងអស់ក្នុងពូលជាមួយគ្នា ត្រូវប៉ះគ្នា២ជើង (ក្នុងដី ក្រៅដី)។

សូមបញ្ជាក់ថា ការចាប់ឆ្នោត​ជ្រើសរើសពូល សម្រាប់ការប្រកួតវគ្គជម្រុះ​តំបន់អាស៊ី ជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេស​កាតា ដែលជា​ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup 2022។

គួររំលឹកផងដែរថា កាលពីជម្រុះ FIFA World Cup 2018 ក៏កម្ពុជា​បានឆ្លងផុតជុំទី១ ដូចគ្នានេះដែរ បន្ទាប់ពីឈ្នះម៉ាកាវ។ ប៉ុន្តែកម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះ​ជុំទី២​ នោះទេ៕

ចុចអាន៖ ក្រុមអាស៊ាន ៣ ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ World Cup ជុំដំបូង

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;