សិល្បករ​ខ្មែរ​ ច្នៃ​​រូប "​គោព្រៃ​​" ពី​គ្រឿង​ម៉ូតូ ឡាន​ចាស់ៗ​ ប្រកាស​លក់​តម្លៃ​ ២ម៉ឺន​ដុល្លារ​

  • 2018-03-21 07:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិល្បករ​ខ្មែរ​ម្នាក់​ បាន​ច្នៃ​រូប "​គោព្រៃ​" ពី​គ្រឿង​ម៉ូតូ​ ឡាន​ចាស់ៗ​ និង​បាន​ប្រកាស​លក់​ក្នុង​តម្លៃ ៨០លាន​រៀល​ ឬ ២ម៉ឺនដុល្លារ​អាមេរិក។

សិល្បករ​រូប​នោះ មាន​ឈ្មោះ​ថា​ អ៊ូ វណ្ណឌី​ មក​ពី​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ លោក​បាន​លើក​ឡើង​ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូត​បារាំង​កាល​ពី​ថ្ងៃ​ ១៥ មីនា ឆ្នាំ​២០១៨ ថា រូប​គោព្រៃ​នេះ ជា​​ស្នាដៃ​ទី​ ៣​ របស់​លោក។ លោក​គ្រោង​នឹង​ប្រកាស​លក់​ក្នុង​តម្លៃ ២ម៉ឺន​ដុល្លារ ដោយសារ​វា​ជា​រូប​ដែល​លោក​បាន​ចំណាយ​ពេល​ច្រើន សម្រាប់​ធ្វើ។

លោក អ៊ូ វណ្ណឌី​ និង​រូប​គោ​ព្រៃ
លោក​វណ្ឌឌី បន្ត​ថា រូប​គោព្រៃ​នេះ​លោក​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់​ សឹង​តែ​គ្មាន​ពេល​សម្រាក​ រហូត​ដល់​ប្រពន្ធ​​ខឹង​ មិន​និយាយ​រក ក៏​មាន។

​​​​​​រូប​គោ​ព្រៃ​នេះ​ច្នៃ​ចេញ​​ច្រវាក់​ មីញ៉ុង ស៊ីផ្លេ​ និង​គ្រឿង​ក្នុង​ម៉ូតូ​-ឡាន​ ជា​ច្រើន​ទៀត ​ផ្សា​ភ្ជាប់​គ្នា​ដែល​ចំណាយ​ពេល​ក្នុង​ការ​កែ​ច្នៃ​ប្រមាណ​ជា​ ៣​ខែ​។ ស្នាដៃ​សិល្បៈ​​នេះ​ មាន​មាន​កម្ពស់​ ២,៦ម៉ែត្រ​ គិត​ពី​បាត​ជើង​រហូត​ដល់​ចុង​ស្នែង​ ​​​​មាន​បណ្ដោយ​ ៣ម៉ែត្រ និង​ទទឹង​ ១,២ម៉ែត្រ។

លោក​ អ៊ូ វណ្ណឌី​ មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ ​សព្វ​ថ្ងៃ​រស់​នៅ​ ភូមិ​ព្រៃ​គោ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ជា​មួយ​គ្រួសារ​មាន​កូន​២​នាក់​ ស្រី១ ប្រុស​១​។ លោក​រៀន​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​ផ្នែក​គំនូរ​ផ្សាយ និង​បាន​​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​ចម្លាក់​ទំនើប​។ អំឡុង​ពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ លោក​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជ្រើស​រើស​​ឲ្យ​ធ្វើ​ការ​ក្រៅ​ម៉ោង​ ក្នុង​គម្រោង​មួយ​ឈ្មោះ​ "សិល្បៈ​សន្តិភាព​នៅ​កម្ពុជា" រយៈ​ពេល​៧​ឆ្នាំ​។ សព្វ​ថ្ងៃ​ ក្រៅ​ពី​ការងារ​សិល្បៈ​ លោក​ក៏​ជា​គ្រូ​បង្រៀន​ផ្នែក​គំនូរ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ផង​ដែរ៕

ចុចអាន៖

អត្ថបទ៖ លន ហ្សាឌីណា​​​​​​​

អត្ថបទថ្មី
;