Pahang បញ្ចប់កុងត្រា ចាន់ វឌ្ឍនាកា?
- 2018-05-08 15:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pahang បញ្ចប់កុងត្រា ចាន់ វឌ្ឍនាកា?
ចន្លោះមិនឃើញ
កីឡាករចាន់ វឌ្ឍនាកា ទំនងជាចែកផ្លូវជាមួយក្លឹបម៉ាឡេស៊ី Pahang FA នៅមុនចប់កុងត្រា។ ដំណឹងនេះបានលេចឮ ក្រោយពីមានកីឡាករម្នាក់របស់ក្លឹបនេះ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម នាយប់ថ្ងៃទី៨ ខែឧសភានេះ។
ខ្សែការពារ Safuwan Baharudin របស់ Pahang បានបង្ហោះរូបចាន់ វឌ្ឍនាកា នៅលើ Instagram របស់ខ្លួន អមដោយប្រយោគមួយឃ្លា ដែលមានន័យជាភាសាខ្មែរថា "សម្លាញ់! គ្នាពិតជាសោកស្ដាយណាស់ ដែលឃើញអ្នកត្រូវចាកចេញ! យើងគួរតែអាចនៅលេងជាមួយគ្នាបន្តទៀត! សូមបន្តភាពរឹងមាំ ហើយស៊ុតបញ្ចូលទី ប្អូនប្រុស! យើងនឹងនឹកអ្នកជានិច្ច"។
យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្លឹប និងសាមីខ្លួននៅឡើយទេ។ ប្រសិនបើដូចការបង្ហោះរបស់ Safuwan មែន នោះវឌ្ឍនាកា នឹងក្លាយជាកីឡាករកម្ពុជាទី២ ដែលត្រូវក្លឹបនៅម៉ាឡេស៊ី បញ្ចប់កុងត្រាមុនចប់រដូវកាល ពោលគឺបន្ទាប់ពីកីឡាករ កែវ សុខផេង នៅក្លឹប PKNP។ កីឡាករ២រូបទៀត របស់កម្ពុជា ដែលកំពុងប្រកបអាជីពនៅម៉ាឡេស៊ី ដែរនោះ គឺ ធារី ចន្ថាប៊ីន (ក្លឹបTerengganu FC) និងប្រាក់ មុន្នីឧត្តម (ក្លឹប Negari Sembilan)។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានចុះកុងត្រារយៈពេល១ឆ្នាំ នៅក្លឹប Pahang FA កាលពីខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែការបង្ហាញខ្លួន នារយៈពេលប៉ុន្មានខែដំបូងនៅក្លឹបម៉ាឡេស៊ីមួយនេះ វឌ្ឍនាកា ហាក់មិនសមប្រកបប៉ុន្មាននោះទេ បើធៀបកីឡាករបរទេសផ្សេងទៀត ដែលនៅក្នុងក្រុម៕
ចុចអាន៖ កែវ សុខផេង ត្រូវគ្រូបង្វឹកបញ្ចប់កុងត្រា មុនកាលកំណត់
រូបភាព៖ Pahang FA