កែវ សុខផេង ត្រូវគ្រូបង្វឹកបញ្ចប់កុងត្រា មុនកាលកំណត់

  • 2018-04-28 06:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Abu Bakar Fadzim គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់ PKNP បាន​បញ្ជាក់​ថា លោក​បាន​បញ្ចប់​កុងត្រា​របស់ កែវ សុខផេង ហើយ។ ការ​ប្រកាស​នេះ បាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ក្លឹប PKNP ប្រកួត​ស្មើ​ជាមួយ​ក្លឹប PKNS ១-១ កាលពី​យប់មិញ​។ នេះ​បើ​តាម​ការ​ដកស្រង់​សម្ដី​គ្រូ​បង្វឹក​ ពី​សារព័ត៌មាន​ Goal ដែល​ចុះ​ផ្សាយ​នៅថ្ងៃទី២៨មេសានេះ​។

លោក Fadzim បាន​បញ្ជាក់​ថា សុខផេង លេង​មិន​ត្រូវ​ជើង​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ឡើយ។ ម្យ៉ាងទៀត អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូបនេះ មាន​កាយសម្បទា​មិន​សូវ​អំណោយផល និង​លេង​ដោយ​មិន​មាន​ការ​ការពារ។ ក៏​ប៉ុន្តែ ការ​គ្រប់គ្រង​បាល់​របស់ សុខ​ផេង មាន​ភាព​ល្អ​ប្រសើរ។ លោក​បន្ត​ថា ភាគី​ទាំង​សងខាង បាន​យល់ព្រម​គ្នា​លើ​ការ​បញ្ចប់​កុងត្រា​នេះ។

យ៉ាង​ណាក្ដី សាមី​កីឡាករ និង​ក្លឹប មិន​ទាន់​បញ្ជាក់​ពី​ការ​ផ្តាច់​កុងត្រា​នេះ​នៅ​ឡើយទេ។

សូម​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា កែវ សុខផេង បាន​ចុះ​កុងត្រា​រយៈ​ពេល ១ឆ្នាំ​នៅ​ក្លឹប​ PKNP F.C (Perak State Development Corporation Football Club) របស់​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយ​ចប់​កុងត្រា​នៅ​ភ្នំពេញក្រោន។ សុខ​ផេង ជា​កីឡាករ​កម្ពុជា​១រូប ក្នុង​ចំណោម​កីឡាករ​កម្ពុជា ៤​រូប ដែល​ចុះ​កុងត្រា​លេង​នៅ​ក្លឹប​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​នេះ ដែល​រួមមាន ចាន់ វឌ្ឍនាកា (Pahang FA) ប្រាក់ មុន្នីឧត្ដម (Negari Sembilan) និង​ធារី ចន្ថាប៊ីន (Terengganu FC)​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;