សារព័ត៌មាន​​អាមេរិក​ និងរុស្ស៊ី​ ចុះផ្សាយ​ផ្ទុយ​គ្នា ពាក់ព័ន្ធ​នឹង​រឿង Salah ចូល​និវត្តន៍

  • 2018-06-25 06:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ពេល​ថ្មីៗ​នេះ រឿង​របស់​តារា​បាល់ទាត់​ឆ្នើម​របស់​ក្លឹប Liverpool និង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប Mohamed Salah កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន CNN របស់​អាមេរិក​​ថា កីឡាករ​រូប​នេះ​មាន​បំណង​ចូល​និវត្តន៍ ពី​ក្រុម​ជម្រើសជាតិ​ ក្រោយ​អេហ្ស៊ីប​ធ្លាក់​ពី​ World Cup ។ ក៏​ប៉ុន្តែ ប្រភព​ RT របស់​រុស្ស៊ី​ បាន​ដកស្រង់​សម្ដី​មន្ត្រី​ជាន់ខ្ពស់​ពី​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប ដោយ​ច្រានចោល​ការ​លើកឡើង​នោះ។

Salah (រូបថត៖ Ramil Sitdikov)
យោង​តាម​សារព័ត៌មាន CNN បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា​ថា Salah មិន​សប្បាយ​ចិត្ត​នឹង​រឿង​យក​គេ​ទៅ​ពាក់ព័ន្ធ​នឹង​នយោបាយ ដែល​បាន​កើតឡើង​នៅ​ក្រុង Grozny រដ្ឋ​ Chechnya ដែល​ជា​ទីតាំង​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 ។ សេចក្ដីរាយការណ៍​បាន​ឲ្យដឹង​ថា មេដឹកនាំ Chechnya លោក Ramzan Kadyrov បាន​ទៅ​ជួប Salah លក្ខណៈ​ឯកជន និង​បាន​ផ្តល់​សញ្ជាតិ Chechnya ឲ្យ Salah ផង​ដែរ។

សូម​បញ្ជាក់​ថា លោក Kadyrov ដែល​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៤ បាន​គាំទ្រ​ចលនា​ផ្ដាច់ខ្លួន​មួយ​ពី​រុស្ស៊ី ដែល​អូស​បន្លាយ​ជិត ២​ទសវត្សរ៍​មក​ហើយ។

យ៉ាងណា​ក៏ដោយ អ៊ីម៉ែល​មួយ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប​ដែល​ត្រូវ​បាន​ផ្ញើ​ទៅកាន់ CNN បាន​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​របស់​សហព័ន្ធ ចំពោះ​រឿង​របស់ Salah ហើយ​កីឡាករ​វ័យ២៦​ឆ្នាំ​នេះ មិន​បាន​ជូនដំណឹង​នេះ​មក​កាន់​សហព័ន្ធ​នៅ​ឡើយ​ទេ​។

Salah ជួបជាមួយមេដឹកនាំរដ្ឋ Chechnya លោក Ramzan Kadyrov នៅក្រុង Grozny ដែល​ជា​ទីតាំង​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 (រូបថត៖ twitter.com/championat)

ដោយឡែក សារព័ត៌មាន RT នៅ​ថ្ងៃ​ទី២៤ មិថុនា​ដដែល បាន​ចុះផ្សាយ​ពី​ការ​ច្រានចោល​នូវ​សេចក្ដីរាយការណ៍​របស់ CNN ។ លោក Osama Ismail ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប បាន​បដិសេធ​ការ​លើកឡើង​ខាងលើ។

«Mohamed Salah កំពុង​នៅ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត។ គេ​នៅ​ជាមួយ​ពួកយើង​រាល់​ការ​ប្រកួត។ គេ​មិន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មន្ត្រី​កីឡា​ណា​ម្នាក់​ឡើយ។ គេ​មិន​បាន​ប្រាប់​អ្វី​ទាក់ទង​នឹង​ការ​លើកឡើង​នោះ​ទេ»។ លោក Ismail បាន​ប្រាប់ RT តាម​ទូរសព្ទ​យ៉ាង​ដូច្នេះ។

លោក​បន្ត​ថា មិន​គួរ​ជឿ​លើ​ការ​អះអាង​នានា ដែល​សាមី​កីឡាករ​មិន​ទាន់​បាន​ប្រកាស​ជាផ្លូវការ​នោះ​ទេ។ «ខ្ញុំ​អត់​ដឹង​ថា CNN បាន​ព័ត៌មាន​នេះ ពី​ណា​មក​ទេ... អ្នក​មិន​គួរ​ជឿ​លើ​ព័ត៌មាន​ណា​ឡើយ ដរាបណា​គេ (Salah) បង្ហោះ​លើ​គណនី Twitter របស់​គេ​ផ្ទាល់​»

គួរជម្រាបថា ​អេហ្ស៊ីប​បានធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ World Cup បន្ទាប់​ពី​បរាជ័យ២លើក​ ​កន្លងទៅ។​ ម៉ោង៩​យប់ថ្ងៃទី​២៥​មិថុនានេះ​ អេហ្ស៊ីប​ត្រូវ​ប៉ះ​ អារ៉ាប៊ី​សាអ៊ូឌីត ក្នុង​ការ​ប្រកួត​បិទ​ពូល A ​ដើម្បី​ជាការ​បង្គ្រប់កិច្ច​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;