លោក ផៃ ស៊ីផាន៖ ការចាត់បញ្ជូនប្រតិភូរបស់ EU មកកម្ពុជា គឺជារឿងល្អ
- 2018-07-06 02:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ផៃ ស៊ីផាន៖ ការចាត់បញ្ជូនប្រតិភូរបស់ EU មកកម្ពុជា គឺជារឿងល្អ
ចន្លោះមិនឃើញ
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា ការចាត់បញ្ជូនប្រតិភូរបស់សហភាពអឺរ៉ុប (EU) មកកម្ពុជា គឺជារឿងល្អ ដោយលោកអះអាងថា នៅមានរឿងច្រើនណាស់ ដែលEU មិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីបច្ចុប្បន្នភាពកម្ពុជា ដែលលោកអះអាងថា មានភាពល្អប្រសើរជាងមុន ដូចជាដំណោះស្រាយរឿងដីធ្លី និងការយកចិត្តទុកដាក់លើកម្មកររោងចក្រ ជាដើម។
លោកជឿថា ដំណើរបេសកកម្មមួយនេះ ធ្វើឡើងក្នុងក្របខណ្ឌសហប្រតិបត្តិការរវាងកម្ពុជានិងអឺរ៉ុប ហើយជាឱកាសល្អរបស់រាជរដ្ឋាភិបាល ក្នុងការពន្យល់ដល់ភាគីអឺរ៉ុប ឲ្យបានជ្រាបច្បាស់អំពីការអនុវត្តច្បាប់នៅកម្ពុជា ជុំវិញចំណាត់ការក្នុងការរំលាយសំឡេងប្រឆាំងនៅកម្ពុជា។
សូមជម្រាបថា EU បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅបំពេញបេសកកម្មស្វែងរកការពិត រយៈពេលមួយសប្ដាហ៍នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ កក្កដា។ នេះបើតាមការសរសេរបង្ហោះនៅលើបណ្តាញ Twitter របស់សមាជិកសភាអឺរ៉ុប អ្នកស្រី Babara Lochbihler កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ បេសកកម្មនេះធ្វើឡើង ដើម្បីវាយតម្លៃពីកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចំពោះទំនិញនាំចូលពីកម្ពុជា។
អ្នកស្រី Babara Lochbihler និងសមាជិកសភាអឺរ៉ុប ១៧រូបទៀត ក៏បានសម្ដែងការពេញចិត្តចំពោះចំណាត់ការរបស់គណៈកម្មការអឺរ៉ុបនៅពេលនេះ ហើយទាមទារឲ្យមានការបង្ហាញលទ្ធផលជាសាធារណៈទៅកាន់ប្រជាពលរដ្ឋនិងសភាអឺរ៉ុប នៅចុងបញ្ចប់នៃបេសកកម្មស្វែងរកការពិតនោះដើម្បីឲ្យមានតម្លាភាព។
គួររំលឹកថា កាលពីថ្ងៃទី២៨ មិថុនាកន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា ខ្លួនបានចាត់បញ្ជូនបេសកកម្មពិសេសមួយទៅកាន់សហភាពអឺរ៉ុប (EU) ក្នុងគោលបំណងផ្តល់នូវការបំភ្លឺជូនមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត អំពីសភាពការណ៍ពិតនៅកម្ពុជា ដើម្បីកុំឱ្យ EU ដកប្រព័ន្ធអនុគ្រោះពន្ធ។ បេសកកម្មនេះ ដឹកនាំដោយ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨៕
អត្ថបទទាក់ទង៖ កម្ពុជា បញ្ជូនបេសកជនទៅផ្តល់ការបំភ្លឺជូន EU