កាស៊ីណូ​ណាហ្គា ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ដល់ ១៨០លាន​ដុល្លារ ក្នុង​រយៈពេល ៦​ខែ

  • 2018-07-27 07:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហ៊ុន​​កាស៊ី​ណូ​ណា​ហ្គា ទទួល​បាន​ប្រាក់​ចំ​ណេញ​សុទ្ធ​ ១៨០ លាន​ដុល្លារ​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៨​នេះ កើន​ឡើងជិត​ ២០​ភាគរយ​បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន។ កំណើន​ប្រាក់​ចំណេញ​នេះ ដោយ​សារ​កំ​ណើន​អ្នកលេង​ល្បែងលំ​ដាប់​ខ្ពស់​ដែល​ជា​ជន​ជាតិ​ចិន។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ដែល​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ។

ប្រាក់​ចំ​ណេញ​របស់​ណា​ហ្គានៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​ គឺ​ច្រើន​ជាង​ចំ​នួន​ប្រាក់​ចំ​ណេញ​របស់​ធ​នាគារ​អេស៊ី​លី​ដា​ ដែល​ជា​ធនាគារ​​ធំ​ជាង​គេ​នៅ​កម្ពុជា​ សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញទៅ​ទៀត។ កាល​ពី​ឆ្នាំ ២០១៧ អេស៊ី​លី​ដា​ទទួល​បាន​ប្រាក់​ចំ​ណេញ​សុទ្ធ​ (ចំ​ណេញ​បន្ទាប់​ពី​បង់​ពន្ធ​រួច​)​ ចំ​នួន ៩២,៥ លាន​ដុល្លារ។

អគារកាស៊ីណូណាហ្គា នៅសួនសម្តេច ហ៊ុន សែន ក្នុងពេលរាត្រី
របាយ​ការណ៍​របស់​ក្រុម​ហ៊ុន​ Naga Corp ដែល​ជា​ប្រ​តិ​បត្តិ​ករ​​​សណ្ឋា​គារ និង​កាស៊ី​ណូ​ណា​ហ្គា នៅ​កម្ពុជា​ និង​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ហុង​កុង​​បាន​បង្ហាញ​ថា ប្រាក់​ចំ​ណូល​សរុប​របស់​ណា​ហ្គា​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះមាន​រហូត​ដល់​ ៧៣២ លាន​ដុល្លារ​ កើន​ឡើង​ ១៦២​ភាគរយ​ពី​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ហ្វីលីព លី អនុ​ប្រ​ធាន​ក្រុម​ហ៊ុន NagaCorp បាន​ឲ្យ​ដឹង​ថា​កំ​ណើន​ភ្ញៀវ​​ចិន​មក​កម្ពុជា​គឺ​ជា​ឥទ្ធិ​ពល​វិជ្ជមាន​សម្រាប់​ប្រ​តិបត្តិ​ការ​កា​ស៊ី​ណូ​ណា​ហ្កា។ កាល​ពី​ឆ្នាំ​មុន ភ្ញៀវ​ទេស​ចរ​ចិន​មក​កម្ពុជា​បានកើន​ដល់ ១,២ លាន​នាក់ កើន​ឡើង​ ៤៦ ភាគរយ​ពីឆ្នាំ ២០១៦។

លោក​ថ្លែង​ថា​៖​ «​ដោយ​សារ​កំ​ណើន​ដ៏​ខ្លាំង​ក្លានូវ​វិនិយោគិន​ចិន​មក​កម្ពុជា ចំ​នួន​ជន​បរ​ទេស​ជា​ជន​ជាតិ​ចិន​នៅ​ភ្នំពេញ​ក៏​កើន​ឡើង​ខ្លាំង​ផង​ដែរ»។ លោក​បនុ្ត​ថា មាន​កត្តា​ទាក់​ទាញ​ជា​ច្រើន​​សម្រាប់​ពាណិជ្ជករ​ចិន​ក្នុង​ការកម្សាន្ត​នា​ពេល​រាត្រី​នៅ​ណា​ហ្គា។ លោក​ថ្លែង​ថា​៖​ «ការ​បង្កើត​ឲ្យ​មាន​ណា​ហ្គា​២ គឺ​ជា​ផលិត​ផល​ដ៏​ត្រឹម​ត្រូវ និង​ចំ​ពេល​វេល»៕

អត្ថបទទាក់ទង៣ខែ​ដើមឆ្នាំ​២០១៨ កាស៊ីណូ​ណាហ្គាវើល កើន​ប្រាក់​ចំណូល ១៨១ភាគរយ

អត្ថបទ៖ ផាក បញ្ញា

អត្ថបទថ្មី
;