ថ្ងៃនេះ ៨៦ឆ្នាំ​មុន អធិរាជ​សំឡេងមាស បាន​ចាប់​កំណើត​!

  • 2018-08-23 03:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ីន ស៊ីសាមុត ដែល​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស បាន​ចាប់​កំណើត​នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅ​ទីរួមខេត្ត​ស្ទឹងត្រែង។

កុមារ​ភាព​

លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) របស់​លោក ស៊ីន លាង និង​អ្នក​ស្រី ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង។ លោក​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក ក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។

លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ។ លោក​ជា​ក្មេង​ល្អ និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​និង​មិត្ត​រួម​ថ្នាក់។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី។ ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា។

លោក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ នៅ​ឆ្នាំ ១៩៥១ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក។ ទោះ​ជា​មមា​ញឹក​នឹង​កិច្ចការ​​រៀន​សូត្រ​នៅ​​សាលា​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​អាច​ឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ។ ក្នុង​អំលុង​ពេល​នោះ លោក​កម្រ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ណាស់ ដោយ​សារ​ប្រាក់​ឧបត្ថម្ភពី​មាតាបិតាលោក​​ គ្រប់​គ្រាន់​ល្មម​សម្រាប់​ចាយ​វាយ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ។ ហេតុ​នេះ លោក​តែង​ចំណាយ​​ពេល​ទំនេរ​របស់​លោក ដើម្បី​សិក្សា​បទ​ភ្លេង​និង​ហាត់​ច្រៀង។

ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ លោក​ចាប់​ផ្តើម​ល្បី​នៅ​សាលា​របស់​​លោក​ថាជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​ និងចម្រៀង ហើយ​លោក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ថា ព្រះច័ន្ទរស្មី ដែល​មាន​សមាជិក ៩ នាក់។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោក ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ។ ដោយ​មាន​ភាព​ល្បី​ល្បាញ​នេះ នៅ​ដើម​ឆ្នាំ ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះរាជសីហ៍។ ពេល​កិត្តិសព្ទ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​ និង​ពិធី​មង្គលការ​ផ្សេងៗ។ ជា​អកុសល មាតា​បិតា​របស់​លោក មិនសប្បាយ​ចិត្ត​នឹង​ឮ​លោក​ច្រៀង​​តាម​វិទ្យុ​ទេ។ មាតា​បិតា​របស់​លោក ចង់​ឲ្យ​លោក​​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​បារម្ភ​ថា ចម្រៀង​នឹង​រំខាន​ដល់ការ​សិក្សា​របស់​លោក។ ប៉ុន្តែ​ វាសនា​បាន​ចារ​ថា លោក ស៊ីន ស៊ីសាមុត ត្រូវ​តែ​ក្លាយ​ជា​អ្នកចម្រៀង ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារយ៉ាង​ណា​ក៏​ដោយ។

អាជីពជាសិល្បករ

ពេល​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ លោក​ចាប់​ផ្តើម​អាជីព​ជា​សិល្បករ​ ដោយ​ក្លាយ​ជា​អ្នក​ចម្រៀង​ប្រចាំ​អោយ ស្ថានីយ៍វិទ្យុ​ជាតិ។ លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​ និពន្ធ​បទ​ភ្លេង​ដោយ​ប្រើ​ម៉ង់ដូលីន។ បទ​ចម្រៀង​របស់​លោក​ជា​ទូទៅ មាន​លក្ខណៈ​មនោសញ្ចេតនា លន្លង់​លន្លោច ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​ សុភមង្គល ឈឺ​ចាប់ និង​ស្រមើស្រមៃ។ ទេពកោសល្យ​សិល្បៈ របស់​លោក​បាន​ដោយ​ការ​ព្យាយាម​ដុស​ខាត់​ទេពកោសល្យ​ពី​កំណើត​របស់លោក។ គេ​និយាយ​ថា លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​មើល​ តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ ក្នុង​ភាសាខ្មែរ សំស្ក្រឹត និងបាលី។

ចម្រៀង​ភាគ​ច្រើន​របស់​លោក ​ផ្អែក​លើ​ជីវិត​ពិត​និង​អារម្មណ៍​របស់​អ្នក​ស្ដាប់។ មិត្ត​អ្នក​ស្ដាប់ តែង​តែ​យក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​គេ មាន​​ទាំង​ស្នេហា​និង​ការ​បាត់​បង់ សប្បាយ និង​ឈឺ​ចាប់ សម្រាប់​ឲ្យ​លោក ស៊ីន-ស៊ីសាមុត និពន្ធ​ចម្រៀង ដោយ​ផ្អែក​លើ​រឿង​ពិត​នេះ។ ហេតុ​នេះ អត្ថន័យ​ក្នុង​ចម្រៀង​របស់​លោក ភាគ​ច្រើន​ជា​រឿង​ពិត​របស់​មិត្ត​អ្នក​ស្ដាប់​របស់​លោក ។ ពេល​ដែល​លោក​ច្រៀង គ្រប់​ពាក្យ​គ្រប់​ម៉ាត់ ​គឺ​ច្បាស់ៗ មួយៗ។ លោក​តែង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​សំឡេង​អោយ​ត្រឹម​ត្រូវ​​តាម​ការ​សរសេរ ដោយ​មិន​ប្រើ​សំនៀង​ក្នុង​ភាសា​និយាយ​ទេ។ សំនៀង​ដ៏​ក្រអួន​មាន​ទឹក​ដម ហើយ​អាច​បត់​បែន​កាច់​កុង​តាម​តែ​លោក​ចង់​បាន មិន​ភ្លាត់​មិនភ្លាវ ​ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយៗ ប្លែកៗ គ្នា​ទៀត​ផង។ ចំណុច​លេច​ធ្លោ​មួយ​ទៀត​នៃ​សំនៀង​របស់​លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬ​មួយ​ឃ្លា​ណា​ឡើយ។ សូរ​សព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ​ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អ៊ឺន​សំឡេង​ទៀត​សោត ​ទោះ​​ជា​ដាក់​ទាប​ឬ​លើក​ខ្ពស់ ក៏​លោក​រក្សា​បាន​នូវ​កម្រិត​សំឡេង​ដដែល​ហាក់​គ្មាន​​ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ។

ដោយ​សារ​សំឡេង​ទន់​ត្រជាក់​ណែន​ក្រអួន​របស់​លោក ស៊ីន ស៊ីសាមុត កាន់​តែ​ពីរោះ​ឈ្មោះ​របស់​លោក បាន​កាន់​តែ​លេច​ត្រដែត​ក្នុង​ចំណោម​មហាជន ទើប​នៅ​ដើម​ទសវត្សរ៍ ៥០ លោក​បាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​​ឲ្យ​លោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែល​ក្នុង​នោះមាន​លោក សុះ ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេងៗ។ លោក​ស្ថិត​នៅ​ក្នុង​វង់​ភ្លេង​នេះ​រហូត​ដល់​ឆ្នាំ ១៩៧០។ ក្រៅ​ពី​ចម្រៀង​សម័យ លោក​ក៏​ច្រៀង​ចម្រៀង​បុរាណ​ និង​ប្រពៃណី​ដែរ ដូច​ជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់​ផង​ដែរ។

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ៥០ បទ​វីយ៉ូឡុង​ស្នេហា ដែល​និពន្ធ​ដោយ​តន្រ្តីករ​វីយ៉ូឡុង ហាស់ សាឡន បាន​ជំរុញ​កិត្តិសព្ទ​លោក ស៊ីនស៊ីសាមុត ឲ្យ​កាន់​តែ​ល្បី​រន្ទឺ ។ បទ​ចម្រៀង​ល្បីៗ របស់​លោក ស៊ិន ស៊ីសាមុត នៅ​សម័យ​នោះ មានបទ​ ស្រី​ស្រស់​ក្មេង បទអនុស្សាវរីយ៍​ភ្នំ​ក្រវាញ បទចុង​ស្រល់ បទថ្ងៃ​ដប់​ពីរ​ធ្នូ បទកាកី បទកង្រី បទថ្ងៃ​មួយ​កក្កដា បទសម្រស់​ឆ្នេរ​កែប បទស្ទឹង​ពោធិ៍សាត់ និង បទព្រែក​ឯង​អស់​សង្ឃឹម ជាដើម។

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍​លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុទ្ធថន និង អ្នកស្រី ឌី សាវ៉េត បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើ​ឲ្យ​ផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស ​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)​ ឲ្យ​នៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយ មាស អ្នកស្រី រស់ សេរីសុទ្ធា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើ​ឲ្យ​លោកមិនអាចនិពន្ឋបទភ្លេង​ឲ្យ​ទាន់​តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក មែរ ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក​ច្រៀង​បទនិពន្ធដោយលោកវ៉ោយ ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ​អ្នកដទៃ បទ​ចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ ដូចជា បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ ថតអាល់ប៊ុម​ឲ្យ​ផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀង​ឲ្យ​ផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​​ឲ្យ​ផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​ បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥ រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក​ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។

ស្នេហា អាពាហ៍ពិពាហ៍ និងគ្រួសារ

លោកស៊ីន ស៊ីសាមុត​ រៀបអាពាហ៍ពិពាហ៍ ២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេ ដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីព និងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀង និងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen) ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) ពណ៌ខៀវបាន។

ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុត មិនដែលជួយលើកទឹកចិត្ត​ ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រី និងចម្រៀងដែរ។

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

មរណភាព

លោក​ ស៊ីន ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦។ ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

ចុចអាន​អត្ថបទទាក់ទង៖ ចម្រៀង​ ២​បទ ​​ធ្វើ​​ឲ្យ​​ភរិយា​របស់​អធិរាជ​សំឡេង​​មាស ស៊ីន ស៊ីសាមុត​​​ នឹក​ឃើញ​ជា​និច្ច

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;