ចម្រៀង​ ២​បទ ​​ធ្វើ​​ឲ្យ​​ភរិយា​របស់​អធិរាជ​សំឡេង​​មាស ស៊ីន ស៊ីសាមុត​​​ នឹក​ឃើញ​ជា​និច្ច

  • 2017-12-31 07:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុស្សាវរីយ៍​ផ្អែម​ល្ហែម​ និង​ជូរ​ចត់​ជា​ច្រើន​ មាន​រាប់​មិន​អស់​ក្នុង​នាម​ជា​គូ​ស្វាមី​ភរិយា​ រវាង​លោក​យាយ​ ខាវ ថងញ៉ុត និង​​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត​ ប៉ុន្តែ​អ្វី​ដែល​លោក​យាយ​នឹក​ឃើញ​​ជា​និច្ច​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​បទចម្រៀង​ «ចំប៉ី​​សៀមរាប»​ និង​ «ឧត្ដម​​ដួង​ចិត្ត»។

លោក​យាយ​ ខាវ ថងញ៉ុត អាយុ​៧៨ឆ្នាំ​ ដែល​កំពុង​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ ជា​មួយ​កូន​ស្រី​​ដែល​ជា​តំណក់​ឈាម​សល់​​តែ​ម្នាក់​គត់​ជា​មួយ​ស្វាមី​លោក​ ស៊ីន ស៊ីសាមុត​ បាន​រៀប​ប្រាប់​ថា​ ក្នុង​ចំណោម​បទ​ចម្រៀង​រាប់​រយ​បទ​របស់​ស្វាមី​ដែល​ជា​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត​​ មាន​ពីរ​បទ​​ដែល​លោក​យាយ​ចាប់​អារម្មណ៍​ជាង​គេ​ និង​នឹក​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​គឺ​បទ​ «ចំប៉ី​សៀមរាប»​ និង​បទ​ «ឧត្តម​ដួង​ចិត្ត»។

លោកយាយ ខាវ ថងញ៉ុត ភរិយា​លោក​តា​ស៊ីន ស៊ីសាមុត
លោក​យាយ​ ថងញ៉ុត បាន​រៀប​រាប់​ថា​ លោក​យាយ​បាន​​​រៀប​ការ​​ជា​មួយ​លោក ​ស៊ីន ស៊ីសាមុត​​ ​​នៅ​ពេល​លោក​យាយ​អាយុ​១៧​ឆ្នាំ។ ក្រោយ​ទទួល​បាន​កូន​៣​នាក់​ លោក​យាយ​ និង​អធិរាជ​សំឡេង​សំឡេង​មាស​​បាន​ចែក​ផ្លូវ​គ្នា។ បន្ទាប់​ពី​​ចែក​ផ្លូវ​គ្នា​បាន​៧​ឆ្នាំ​ ក្រុម​គ្រួសារ​ទាំង​សង​ខាង​បាន​សម្រុះ​សម្រួល​ឲ្យ​ពួក​គាត់​​រួម​រស់​នៅ​ជា​មួយ​គ្នា​វិញ។

​នៅ​ពេល​សាច់​ញាតិ​​សម្រុះ​សម្រួល​ឲ្យ​រួម​រស់​នៅ​​ជា​មួយ​គ្នា​វិញ​ គឺ​ជា​ពេល​ដែល​ពួក​គាត់​ និង​ក្រុម​គ្រួសារ​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​សៀមរាប​ ចំ​ពេល​មាន​ពិធី​បុណ្យ​ធំ​មួយ​នៅ​ប្រាសាទ​អង្គរ​វត្ត។

លោក​យាយ​បន្ត​ថា នៅ​ពេល​នោះ​ហើយ​ដែល​ស្វាមី​លោក​យាយ បាន​និពន្ធ​ និង​ច្រៀង​បទ «ចំប៉ី​សៀមរាប»​ ប៉ុន្តែ​លោក​យាយ​មិន​ដឹង​ថា​ លោក​ស៊ីន​ ស៊ីសាមុត​ច្រៀង​បទ «​ចំប៉ី​សៀមរាប​» ​​ នោះ​​ដើម្បី​នារី​ណា​នោះ​ទេ។ លោក​យាយ​និយាយថា៖ «ជួប​ជុំ​គ្នា​វិញ​នៅ​សៀមរាប​ ពេល​ធ្វើ​បុណ្យ​ ម៉ាក​ក្មេក​ មីង​មា​បាន​​ឲ្យ​ជួប​ជុំ​គ្នា​វិញ​ ខ្ញុំ​ក៏​ព្រម​តាម​ចាស់ៗ។ ពេល​នោះ​ហើយ​គាត់​ (ស៊ីន ស៊ីសាមុត) ​បាន​និពន្ធ​បទ​ «​ចំប៉ី​សៀមរាប​ តែ​ខ្ញុំ​មិន​ដឹង​ថា​ គាត់​តែង​ដើម្បី​នរណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ គាត់​និពន្ធ​បទ​នេះ​ពេល​ខ្ញុំ​ព្រម​ជួប​ជុំ​ជា​មួយ​គាត់​វិញ»។

លោក​យាយ​ ខាវ​ ថងញ៉ុត បាន​បន្ត​រៀប​រាប់​​ទៀត​ថា​ នៅ​ពេល​លោក​យាយ​សម្រាក​កូន​ស្រី​ច្បង​នៅ​ខេត្ត​ស្ទឹងត្រែង​ លោក​ ស៊ីន ស៊ីសាមុត​បាន​និពន្ធ​បទ ​«ឧត្ដម​ដួង​ចិត្ត» ​ដើម្បី​លោក​យាយ​ពិត​ប្រាកដ​មែន។ លោក​យាយ​មាន​ប្រសាសន៍​ថា​ ៖«ខ្ញុំ​មក​ឆ្លង​ទន្លេ​នៅ​ស្ទឹង​ត្រែង​ ព្រោះ​អី​ចាស់​ៗ​ពី​ដើម​ ពេល​ឆ្លង​ទន្លេ​ត្រូវ​អាំង​ភ្លើង​តាម​របៀប​បុរាណ។ គាត់​ (ស៊ីន ស៊ីសាមុត) ​និយាយ​ថា​ កុំ​ឲ្យ​ខ្ញុំ​ក្តៅ​ពេល​អាំង​ភ្លើង​ ​គាត់​តែង​បទ​ហ្នឹង​ឲ្យ​ គាត់​ប្រាប់​ខ្ញុំ​ផ្ទាល់​មាត់»។ បទ​ចម្រៀង​នេះ​ហើយ​ដែល​លោក​យាយ​ច្បាស់​នឹង​ត្រចៀក​ខ្លួន​ឯង​មួយ​រយ​ភាគ​ គឺ​ថា ស្វាមី​របស់​លោក​យាយ​និពន្ធ​នេះ​ដើម្បី​លោក​យាយ។

ក្រោយ​ពេល​ជួប​គ្នា​​ឡើង​វិញ​ លោក​យាយ​ និង​​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ទៀត​ សរុប​ទាំង​អស់​មាន​៤​នាក់​ក្នុង​នោះ ​ស្រី​១​ និង​ប្រុស​៣។ ពួក​គាត់​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​រហូត​ដល់​សម័យ​ខ្មែរ​ក្រហម​​ ហើយ​អំឡុង​​ពេល​​នោះ ​លោក ​ស៊ីន ស៊ីសាមុត​ បាត់​ដំណឹង​សូន្យ​រហូត​ដល់​​បច្ចុប្បន្ន។

តំណក់​ឈាម​ទាំង​៤​របស់​លោក​យាយ​ និង​ស្វាមី​​រហូត​ដល់​ពេល​នេះ​នៅ​សល់​តែ​កូន​ស្រី​ម្នាក់​គត់​ ខណៈ​កូន​ប្រុស​​៣​បាន​ស្លាប់​អស់​​ហើយ៕

លោក​យាយ ខាវ ថងញ៉ុក និង​កូន​ស្រី ស៊ីន យុត្តណា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;