ក្រសួងណែនាំ៣ចំណុច ទាក់ទងនឹងការទៅកម្សាន្តខេត្តត្រាត ប្រទេសថៃ នៅបុណ្យសមុទ្រ
- 2018-12-11 07:43:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងណែនាំ៣ចំណុច ទាក់ទងនឹងការទៅកម្សាន្តខេត្តត្រាត ប្រទេសថៃ នៅបុណ្យសមុទ្រ
ចន្លោះមិនឃើញ
មុនពិធីបុណ្យសមុទ្រដែលនឹងឈានចូលមកដល់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ធ្នូខាងមុខ ក្រសួងទេសចរណ៍បានចេញការណែនាំ ៣ចំណុច ចំពោះភ្ញៀវទេសចរ ដែលមានបំណងឆ្លងទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ក្នុងឱកាសពិធីបុណ្យនេះ។
ត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ បើចង់បើករថយន្តចូលខ្លួនឯង
ត្រូវយករូបថតតាម បើមានក្មេងតូចៗទៅជាមួយ
លោករដ្ឋមន្ត្រីបន្តថា ពលរដ្ឋមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន ក៏គួរយកតាមផង កាន់តែងាយស្រួល)។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើប្រជាពលរដ្ឋចង់ទៅស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាត ក៏បានដែរ ដែលមានតម្លៃសមរម្យ។ ខេត្តបានរៀបចំបញ្ជរព័ត៌មាននៅ ៣ទីតាំង រួមមាន៖
១. រង្វង់មូលគល់ស្ពានកោះកុង ២. នៅវត្តចាំយាម ៣. នៅច្រកទ្វារអន្តរជាតិចាំយាម។
ក្រសួង បានផ្ដល់លេខទូរសព្ទទំនាក់ទំនងកក់បន្ទប់ និងទំនាក់ទំនងព័ត៌មាន ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងកម្សាន្ត គឺ 016-444-938/016-444-937 ។
ជាមួយនឹងការរំពឹងទុកថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច ៩ម៉ឺននាក់នោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី មិថុនា ភូថង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនេះ ឲ្យបានច្រើនកុះករ។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕
រូបថត៖ រដ្ឋបាលខេត្តកោះកុង
អត្ថបទទាក់ទង ផ្លូវបំបែកស្រែអំបិល-ទីរួមខេត្តកោះកុង ត្រូវបានបញ្ចប់ការជួសជុលហើយ