ប្រធានាធិបតី​តួកគី អញ្ជើញ​ត្រាំ ធ្វើទស្សនកិច្ច ក្រោយ​អាមេរិក​​ប្រកាស​ដកទ័ព​ពី​ស៊ីរី និង​ព្រម​លក់​​មីស៊ីល

  • 2018-12-25 04:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តួកគី លោក Tayyip Erdogan បាន​អញ្ជើញ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យធ្វើ​ទស្សនកិច្ចនៅ​តួកគី ក្នុងឆ្នាំ​២០១៩​ខាងមុខ។ នេះបើតាម​អ្នកនាំពាក្យ​សេតវិមាន​អាមេរិក លោក Hogan Gidley បាន​ឱ្យដឹង​កាលពីថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨។

ជាការ​ឆ្លើយតប លោក ដូណាល់ ត្រាំ បាន​ទទួល​យកការ​អញ្ជើញ​នេះ​ហើយ ប៉ុន្តែ​មិនទាន់បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ធ្វើទស្សនកិច្ច​នេះ​នៅ​ឡើយ។

លោក Tayyip Erdogan និងលោក ដូណាល់ ត្រាំ ក្នុង​ជំនួបពិភាក្សានៅសេតវិមាន កាលពីខែឧសភា ឆ្នាំ២០១៧។ រូបថត៖ Reuters

ការ​អញ្ជើញ​នេះ ធ្វើឡើង​ក្នុងពេល​ដែល​ប្រធានាធិបតី​ទាំង២រូប បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ពិភាក្សា​អំពី​ការ​ដកទ័ព​អាមេរិក ចេញពី​ប្រទេស​ស៊ីរី បន្ទាប់ពី​លោក​ត្រាំ បាន​ប្រកាស​កាលពី​សប្តាហ៍​មុន។

ជាមួយ​នឹង​ការ​ដកទ័ព​ចេញពី​ប្រទេស​ស៊ីរី ប្រតិភូ​យោធា​អាមេរិក​មួយ នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​តួកគី នាចុង​សប្តាហ៍​នេះ ដើម្បី​បើក​កិច្ចពិភាក្សា​ជុំវិញ​បញ្ហា​នេះ។

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ លោក ដូណាល់ ត្រាំ បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក Tayyip Erdogan នៅ​សេតវិមាន​រួចមកហើយ។

គួរកត់​សម្គាល់​ដែរថា ការ​អញ្ជើញ​លោក ដូណាល់ ត្រាំ ឱ្យធ្វើ​ទស្សនកិច្ច​នៅ​តួកគី ក៏​ធ្វើឡើង​បន្ទាប់​ពី  ក្រសួង​ការបរទេស​អាមេរិក ​កាលពី​ពេលថ្មីៗ​នេះ បាន​ឯកភាព​ឲ្យ​លក់​មីស៊ីល​ប្រភេទ Patriot ចំនួន ៨០​គ្រាប់ និង​មីស៊ីល​ផ្សេងទៀត​ចំនួន ៦០​គ្រាប់ ទៅ​ឲ្យ​រដ្ឋាភិបាល​អង់ការ៉ា រួមជាមួយ​ឧបករណ៍​ពាក់ព័ន្ធ រួមមាន​ប្រព័ន្ធ​រ៉ាដា ស្ថានីយ​គ្រប់គ្រង​ទំនាក់ទំនង និង​ស្ថានីយ​បាញ់​មីស៊ីល៕

អត្ថបទ​ទាក់ទង៖ អាមេរិក នឹង​លក់​មីស៊ីល ៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​តួកគី

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

;