អាមេរិក នឹង​លក់​មីស៊ីល ៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​តួកគី

  • 2018-12-19 03:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អាមេរិក​បាន​ឯកភាព​លើ​ការ​លក់​ប្រព័ន្ធ​ការពារ​មីស៊ីល​ក្នុង​ទំហំ​ទឹកប្រាក់ ៣,៥​ពាន់​លាន​ដុល្លារ ឲ្យ​ទៅ​តួកគី​ហើយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ក្រោយ​ទទួល​បាន​ការជូនដំណឹង​ពី​ព្រឹទ្ធសភា​អាមេរិក។

ប្រព័ន្ធ​ការពារ​មីស៊ីល Patriot របស់​អាមេរិក
ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្ដិសុខ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា ក្រសួង​ការបរទេស​អាមេរិក​បាន​ឯកភាព​ឲ្យ​លក់​មីស៊ីល​ប្រភេទ Patriot ចំនួន ៨០​គ្រាប់ និង​មីស៊ីល​ផ្សេងទៀត​ចំនួន ៦០​គ្រាប់ ទៅ​ឲ្យ​រដ្ឋាភិបាល​អង់ការ៉ា រួមជាមួយ​ឧបករណ៍​ពាក់ព័ន្ធ រួមមាន​ប្រព័ន្ធ​រ៉ាដា ស្ថានីយ​គ្រប់គ្រង​ទំនាក់ទំនង និង​ស្ថានីយ​បាញ់​មីស៊ីល។

ក្រសួង​ការពារ​ជាតិ​អាមេរិក កាលពី​ដើម​ឆ្នាំ​នេះ បាន​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណាតូ គឺ​តួកគី លើ​ការ​លក់​ប្រព័ន្ធ​ការពារ​មីស៊ីល Raytheon Co Patriot ដើម្បី​បញ្ចៀស​មិន​ឲ្យ​តួកគី​ទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពី​ប្រទេស​រុស្ស៊ី។

មន្រ្តី​អាមេរិក និង​អង្គការ​ណាតូ​បាន​ព្រមាន​តួកគី​ជាបន្ដបន្ទាប់​ថា ប្រព័ន្ធ​ការពារ​មីស៊ីល​រុស្ស៊ី​មិន​អាច​យក​មក​បញ្ចូល​ក្នុង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អង្គការ​ណាតូ​បាន​នោះ​ទេ ហើយ​ការ​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស S-400 នឹង​ប៉ះពាល់​ដល់​ការ​ទិញ​យន្តហោះ​ចម្បាំង F-35 និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;