លោក ផៃ ស៊ីផាន៖ សារឆ្លងឆ្លើយរបស់ទូតអាមេរិក-ចិន គ្រាន់តែជាការបញ្ចៀសការចាប់អារម្មណ៍ប្រវត្តិសាស្រ្ត
- 2019-04-21 03:54:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ផៃ ស៊ីផាន៖ សារឆ្លងឆ្លើយរបស់ទូតអាមេរិក-ចិន គ្រាន់តែជាការបញ្ចៀសការចាប់អារម្មណ៍ប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់ [ខ្លីៗ] នាព្រឹកថ្ងៃទី២១ ខែមេសានេះថា ទាក់ទងការឆ្លើយឆ្លងគ្នារវាងទូតមហាអំណាចចិន និងទូតមហាអំណាចអាមេរិក គ្រាន់តែជាការសាយភាយនៃការប្រឈមទាំងឥទ្ធិពលសេដ្ឋកិច្ច ទាំងឥទ្ធិពលការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែមិនមានឥទ្ធិពលមកលើកម្ពុជានោះទេ។
លោកបញ្ជាក់ថា អ្វីដែលចិនមើលឃើញ ស្ថានទូតអាមេរិកលើកឡើងនៅពេលនេះ គ្រាន់តែបញ្ចៀសការចាប់អារម្មណ៍ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនៅថ្ងៃ ១៧ មេសា (មុនថ្ងៃ១៧ មេសា មួយថ្ងៃ ពីរថ្ងៃ) ស្ថានទូតសហរដ្ឋអាមេរិក បានរុំទង់ជាតិរបស់ខ្លួនរត់ចេញពីស្រុកខ្មែរ ដែលចាញ់ខ្មែរក្រហម។ ដើម្បីការពារភាពអាម៉ាស់ ឬមិនចង់ឱ្យសាធារណជន យកចិត្តទុកដាក់នឹងអ្វីដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស្ថានទូតសហរដ្ឋអាមេរិកក៏បានលើកឡើងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។
លោក ផៃ ស៊ីផាន បន្តថា ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងពីភាពមិនតុល្យភាពរវាងជញ្ជីងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏មានឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយសារសហរដ្ឋអាមេរិក បាននាំទំនិញចិន ចូលច្រើនជាងអាមេរិកនាំទំនិញទៅចិន។
«ការលើកឡើងហ្នឹងគេមើលឃើញទិដ្ឋភាពក្រៅតែពីការបញ្ចៀសការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ នៅថ្ងៃ ១៧ មេសា ដែលសហរដ្ឋអាមេរិករត់ចោលកម្ពុជា ហើយគ្រាន់តែជាមានលក្ខណៈមួយដែលញុះញង់ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ប្រឆាំងចិនតែប៉ុណ្ណឹងឯង។ ដូច្នេះអ្វីដែលខ្ញុំមើលឃើញ គឺវាគ្មានឥទ្ធិពលអ្វីទេ គ្រាន់តែជារឿងភាគនិទាននៃការឆ្លងឆ្លើយរបស់អាមេរិកមកលើកម្ពុជា។ ហើយការប្រតិកម្មរបស់ចិនទៅលើសហរដ្ឋអាមេរិកវិញ គ្រាន់តែជារឿងមួយផ្សេងដទៃទៀត ដើម្បីការពារមុខមាត់រៀងៗខ្លួន។ ក៏ប៉ុន្តែកម្ពុជាបានបង្ហាញជំហររបស់ខ្លួន គឺកម្ពុជា មិនស្ថិតនៅក្នុងរណបរបស់ប្រទេសណាមួយទេ ទោះបីការឆ្លងឆ្លើយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែកម្ពុជាស្ថិតនៅក្នុងជំហរពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់នៅលើពិភពលោក»។ នេះជាការរៀបរាប់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រៀបរាប់អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ទូតអាមេរិក បានបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងចិន។
ចំណែក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបវិញ ដោយលើកឡើងថា អាមេរិកកំពុងបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ ស្ថានទូតចិន ក៏បានលើកឡើងពីសមិទ្ធផលរបស់ខ្លួន នៅកម្ពុជា ព្រមទាំងព្រលយសំណួរ១ជាចុងក្រោយថា "ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?"៕
ចុចអានបន្ថែម៖ ទូតចិន ឆ្លើយតបទូតអាមេរិក រឿងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា