ទូត​ចិន ឆ្លើយ​តប​ទូត​អាមេរិក រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

  • 2019-04-20 09:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញនេះ ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន រៀបរាប់​អំពីទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន។ ទូត​អាមេរិក បាន​បញ្ជាក់ថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ចិន។

ចំណែក​ នៅ​ថ្ងៃ​សៅរ៍នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឆ្លើយតប​វិញ ដោយ​លើក​ឡើង​ថា អាមេរិក​កំពុង​បង្ក​បញ្ហា​ម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ ស្ថានទូត​ចិន ក៏បាន​លើក​ឡើង​ពី​សមិទ្ធផល​របស់​ខ្លួន នៅ​កម្ពុជា ព្រម​ទាំង​ព្រលយ​សំណួរ​១​ជា​ចុងក្រោយថា "ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?"

ស្ថានទូត​អាមេរិក បាន​សរសេរ​ថា៖

"ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។"

សារ​ និង​រូបភាព​ដែល​បង្ហោះ​ដោយ​ស្ថានទូត​អាមេរិក៖

ចំណែក​ស្ថានទូត​ចិន បាន​ឆ្លើយតប​វិញដែរថា៖

"មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។

នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?"

សារ និងរូបភាព​ដែល​បង្ហោះ​ដោយ​ស្ថានទូត​ចិន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;