កាំកុងត្រូល ត្រួតពិនិត្យគុណភាពទំនិញក្នុងសាលារៀន រកឃើញនំខូចគុណភាព និងចំណីអាហារហាមឃាត់
- 2019-05-17 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ត្រួតពិនិត្យគុណភាពទំនិញក្នុងសាលារៀន រកឃើញនំខូចគុណភាព និងចំណីអាហារហាមឃាត់
ចន្លោះមិនឃើញ
មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពង្រឹតត្រួតពិនិត្យផលិតផលចំណីអាហារ នៅក្នុងសាលារៀនចំនួន ៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែឧសភានេះ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានពិនិត្យរកឃើញប្រភេទនំកញ្ចប់ហួសសុពលភាពប្រើប្រាស់ និងផលិតផលហាមឃាត់កម្ទេចមី មួយចំនួនផងដែរ។ ផលិតផលគ្មានសុវត្ថិភាពទាំងនោះ ត្រូវដកហូត ដើម្បីរង់ចាំទុកដុតកំទេចចោល បញ្ចៀសផលប៉ះពាល់សុខភាពសិស្ស។
ប្រធានសាខាកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការត្រួតពិនិត្យ ធ្វើឡើងនៅអនុវិទ្យាល័យ និងបឋមសិក្សាគីឡូម៉ែត្រលេខ៤ និងបឋមសិក្សាប្រជាធម្ម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកថា ការចុះត្រួតពិនិត្យផលិតផលក្នុងសាលារៀន មានគោលបំណងដើម្បីឆ្លើយតបមតិរបស់អាណាព្យាបាលសិស្ស ដែលបារម្ភពីសុវត្ថិភាពចំណីអាហារ របស់កូនៗ ពួកគាត់ទិញទទួលទាននៅក្នុងសាលាដែលគ្មានសុវត្ថិភាព។
មន្ត្រីជំនាញ ក៏បានពន្យល់អប់រំដល់អ្នកលក់ផលិតផលចំណីអាហារនៅក្នុងសាលា ឱ្យយល់ពីគុណភាព និងសុវត្ថិភាព ដើម្បីបញ្ចៀសប៉ះពាល់សុខភាពសិស្ស និងជាពិសេសយកចិត្តទុកដាក់លើអនាម័យផលិតផលចំណីអាហារ ការចម្អិន ការរៀបចំដាក់លក់ឱ្យបានសមស្រប និងការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។
លោក ហៀ ផល្លី នាយកសាលាអនុវិទ្យាល័យ និងឋមសិក្សាគីឡូម៉ែត្រលេខ៤ និយាយថា សាលារៀនចង់ឲ្យមន្ត្រីជំនាញចុះមកត្រួតពិនិត្យផលិតផលចំណីអាហារ ដែលដាក់តាំងនៅក្នុងសាលារបស់លោក ដើម្បីស្វែងរកមើលផលិតផលចំណីអាហារណា ដែលបង្កប៉ះពាល់សុខភាពសិស្ស និងផលិតផលដែលត្រូវហាមឃាត់មិនអនុញ្ញាត។
សូមរំលឹកថា កាលពីសប្តាហ៍មុន មន្ត្រីកាំកុងត្រូល ក៏បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ នៅក្នុងសាលារៀនចំនួន ៥កន្លែង ក្នុងក្រុងប៉ោយប៉ែតផងដែរ៕
ចុចអាន៖ រកឃើញម្ហូបអាហារមានសារធាតុគីមីជិត ១០០គីឡូក្រាម ក្នុងពិព័រណ៍ផលិតផលថៃ