សង្គ្រាម​លោកលើកទី១! បារាំង និង​អង់គ្លេស​រួម​គ្នា​ប្រើពេល៧ថ្ងៃ វាយ​ទ័ព​អាល្លឺម៉ង់ឱ្យដកថយ

  • 2021-01-27 07:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីទ័ព​អាល្លឺម៉ង់​បាន​ឈ្លាន​ពាន​ចូលបែលហ្សិក​ដោយ​ជោគជ័យ​នៅក្នុងខែសីហា ឆ្នាំ​១៩១៤ ទ័ព​អាល្លឺម៉ង់​ក៏បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ឈ្លានពាន​បារាំង។ ប៉ុន្តែ​បារាំង​ បាន​ទប់ស្កាត់​ទាន់ពេល​ដោយ​សហការ​ជាមួយ​អង់គ្លេស វាយទ័ព​អាល្លឺម៉ង់ឱ្យ​ដកថយវិញ ក្នុងសង្គ្រាម​រយៈពេល៧ថ្ងៃ ដែល​មាន​ឈ្មោះថា «First Battle of the Marne» គិតចាប់ពីថ្ងៃទី៦ ដល់ ១២ ខែកញ្ញា ឆ្នាំ​១៩១៤។

ទីកន្លែង​នៃសមរភូមិនេះ គឺ​ស្ថិតនៅ​ចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ​ភាគឦសាន​ក្រុងប៉ារីស នៅពេលដែល​ទ័ព​អាល្លឺម៉ង់​បាន​ចេញពី​បែលហ្សិក​ទៅដល់ទីនោះ។

មុខព្រួញវាយលុកចូលបារាំងរបស់ទ័ពអាល្លឺម៉ង់

ទ័ពបារាំង និងអង់គ្លេស បាន​ប្រមូល​ផ្តុំគ្នាដើម្បី​ត្រៀម​វាយបក​ទៅទ័ពអាល្លឺម៉ង់​តាម​បណ្តោយ​ទន្លេ Marne ហើយបាន​ផ្អាក​សកម្មភាព​រុលទៅមុខ​របស់​អាល្លឺម៉ង់ ដោយនៅថ្ងៃទី៥ ខែកញ្ញា ទ័ព​បារាំង និងអង់គ្លេស បាន​ចាប់ផ្តើម​ប្រតិបត្តិការ។

ដល់​ថ្ងៃទី៩ ខែកញ្ញា ទ័ពសម្ព័ន្ធមិត្តទាំងពីរ បាន​ជោគជ័យ​ដោយ​ធ្វើឱ្យកងទ័ពផ្នែកទីមួយ និងផ្នែកទីពីររបស់​អាល្លឺម៉ង់ រងហានិភ័យនៃការឡោមព័ទ្ធ។ បន្ទាប់មក​កងទ័ព​អាល្លឺម៉ង់ទាំងពីរផ្នែក ត្រូវ​បាន​បញ្ជា​ឱ្យដកថយ​មកនៅ​ទន្លេ Aisne តែ​នៅបន្តដេញតាម​ដោយ​ទ័ពសម្ព័ន្ធមិត្ត។ ទ័ព​អាល្លឺម៉ង់ បាន​បន្តដកថយ៦៥គីឡូម៉ែត្រ​ទៀត រហូតដល់​ចំណុច​ខ្សែបន្ទាត់ខាងជើង​នៃទន្លេ Aisne ជាកន្លែង​ដែល​ពួកគេ​បាន​ជីកត្រង់សេ​ការពារ​ខ្លួន ហើយ​ក៏ជា​កន្លែងចាប់ផ្តើម​នូវសមរភូមិថ្មីមួយទៀតឈ្មោះថា «First Battle of the Aisne» ដែលមាន​រយៈពេល ៤ថ្ងៃគិតពីថ្ងៃទី១២ ដល់១៥ ខែកញ្ញា ឆ្នាំ​១៩១៤។ ប៉ុន្តែសង្គ្រាម​នៅ​តំបន់នេះគឺគ្មាន​អ្នកឈ្នះ និងអ្នកចាញ់ឡើយ ហើយត្រូវបន្តប្រឈមមុខដាក់គ្នា​រយៈពេលជាច្រើនឆ្នាំ។

ខ្សែបន្ទាត់ដាច់ៗ ជាកន្លែងដែល​ទ័ពអាល្លឺម៉ង់ ចូលទៅដល់ ហើយត្រូវទ័ពសម្ព័ន្ធមិត្តវាយបកថយក្រោយ​ទៅចំណុចខ្សែបន្ទាត់ក្រហម

​គួរដឹងថា ក្នុងសមរភូមិ «First Battle of the Marne» កងទ័ពអាល្លឺម៉ង់មានចំនួនជាង ១,៤លាននាក់ ខណៈទ័ពសម្ព័ន្ធមិត្តបារាំង-អង់គ្លេសមានតែជាង ១លាននាក់៕

សប្តាហ៍ក្រោយ [ខ្លីៗ] នឹង​បន្ត​បង្ហាញ​ជូនអំពី​សមរភូមិធំៗ​ផ្សេងៗទៀត​ក្នុងសង្គ្រាមលោកលើកទី១

អត្ថបទទាក់ទង៖

ប្រភព៖ britannica

អត្ថបទថ្មី
;