ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានមួយជំហានទៀតហើយ
- 2021-03-03 06:24:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានមួយជំហានទៀតហើយ
ចន្លោះមិនឃើញ
ការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25) ផ្នែកសាកល្បងនៃគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបញ្ចប់ជាស្ថាពរហើយ។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកឈ្មោះថា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ»។
ផេកនេះសរសេរបន្តថា៖ «គម្រោងនេះ នឹងចាប់ផ្តើមដំណើរការក្រាលកៅស៊ូហើយ។ ការបញ្ចប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឈានមួយជំហានទៀតហើយ!»។
លោកបញ្ជាក់ថា ក្រសួងកំពុងតែបន្តសហការជាមួយក្រុមហ៊ុន ដោយបន្តធ្វើការដោះស្រាយផលប៉ះពាល់ ដោយសារតែមាន ការផ្លាស់ប្តូររចនាប្លង់ខ្លះ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ខាងរដ្ឋបាលជាតិ ក៏ដូចជាក្រសួងជាដើម ដើម្បីធ្វើយ៉ាងឱ្យផ្លូវ មានសុវត្ថិភាព គុណភាពប្រើប្រាស់បានយូរអង្វែង ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។
ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
គម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕