ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ចេញរូបរាងបណ្តើរៗហើយ!

  • 2021-05-10 12:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» នៅថ្ងៃទី១០ ឧសភា ២០២១ គឺបាន​បង្ហាញ​ពីរូបរាងបណ្តើរៗ​នៃផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាមួយនេះ ពោលគឺ​ផ្លូវត្រូវបាន​ចាប់ផ្តើម​ក្រាលបេតុងហើយ។

បើតាម​មន្រ្តីនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​កាលពីដើមខែមីនា ឱ្យដឹងថា ការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបានជាង ៣៦% ដោយក្រុមការងារ​នឹងបញ្ចប់ការសាងសង់​តាមការគ្រោងទុក។

ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

ប្រភពរូបថត៖ ផេកហ្វេសប៊ុក «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ»

អត្ថបទថ្មី
;