ទស្សនាវីដេអូ​ផ្លូវល្បឿនលឿនដំបូងគេ​នៅកម្ពុជាពីលើអាកាស ដែលសម្រេច​បាន ៥០ភាគរយ

  • 2021-05-26 01:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតមកដល់ពេលនេះ​សម្រេចបាន ៥០ភាគរយហើយ ដោយគ្រោងបញ្ចប់តាម​ផែនការ​នៅខែកញ្ញា ឆ្នាំ​២០២២។ នេះបើតាម​ការចុះផ្សាយ BTV ដែលដកស្រង់សម្តីរបស់​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

តាមរបាយការណ៍របស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ឱ្យដឹងថា ការស្ថាបនាផ្លូវ​ក្រាលបេតុងលើខ្សែផ្លូវទាំងមូល បាន​ចាប់ផ្តើម​ជាផ្លូវការ​ហើយ ខណៈស្ពាន​អាកាស​ផ្លាស់ប្តូរទិសទីមួយ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះ​បានបញ្ចប់ការដំឡើងរួចរាល់​ជាស្ថាពរ។

ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;