ច្បាប់ចរាចរណ៍ថ្មី នឹងមានការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿន
- 2021-08-05 01:48:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ចរាចរណ៍ថ្មី នឹងមានការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿន
ចន្លោះមិនឃើញ
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងត្រូវធ្វើវិសោធនកម្ម ដោយកែសម្រួលមាត្រា និងវាក្យសព្វ និងបន្ថែមមាត្រាថ្មី ក្នុងនោះគឺមានការបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។
សូមជម្រាបថា កាលពីថ្ងៃទី៤ សីហា ២០២១ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យ ពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។
លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។
សូមជម្រាបជូនថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀតដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រីនាពេលនេះផងដែរ។
ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថាវិសោធនកម្មច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕