ក្រុម​ឈ្នះ World Cup បាន​ត្រឹម​ពាន​សិប្បនិមិត្ត ឯ​ពាន​ពិត​នៅ...

  • 2018-06-15 07:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន World Cup នឹង​មិន​ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ដែល​ឈ្នះ​នោះ​ទេ។ ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត នឹង​ទទួល​បាន​ពាន​សិប្បនិមិត្ត​ជំនួស​វិញ ឯ​ពាន​មាស​ពិត​គឺ​ត្រូវ​សហព័ន្ធ FIFA រក្សា​ទុក​ដដែល។

ចាប់​តាំង​ពី​បង្កើត​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup មក ពាន​រង្វាន់​មាស​ត្រូវ​បាន​ផលិត​ចំនួន​តែ ២​​ពាន​គត់​ប៉ុណ្ណោះ ដោយ​១​ប្រើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៧០ ហើយ​១​ទៀត​ប្រើ​ពី​ឆ្នាំ​១៩៧៤ មក​ទល់​នឹង​បច្ចុប្បន្ន។ ពាន World Cup ដំបូង​មាន​ឈ្មោះ Victory តែ​ត្រូវ​កែ​ឈ្មោះ​មក Jules Rimet វិញ​នៅ​ឆ្នាំ​១៩៤៦ ដើម្បី​ជា​គោរព​ដល់​លោក Jules Rimet ដែល​ជា​ស្ថាបនិក​បង្កើត​ឲ្យ​មាន World Cup។

ពាន Jules Rimet មាន​ប្រវត្តិសាស្ត្រ​ជូរចត់​ច្រើន ឈាន​រហូត​ដល់​ការ​បាត់​ដំណឹង​សូន្យឈឹង​រក​លែង​ឃើញ។ ពាន​នេះ​ធ្លាប់​ត្រូវ​គេ​លួច​ម្ដង​នៅ​ឆ្នាំ​១៩៦៦ ក្នុង​ប្រទេស​អង់គ្លេស។ បាត់​មិន​យូរ​ប៉ុន្មាន Jules Rimet ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​វិញ ដោយ​បាន​ជំនួយ​ពិសេស​ពី​ឆ្កែ​ស៊ើប​អង្កេត​របស់​ប៉ូលិស​មួយ​ក្បាល​ឈ្មោះ Pickles។

ច្បាប់​ដំបូង​របស់ FIFA បាន​ចែង​ថា ក្រុម​មក​ពី​ប្រទេស​ណា​ក៏​ដោយ​ឲ្យ​តែ​ឈ្នះ​ការ​ប្រកួត World Cup ចំនួន ៣​ដង នឹង​អាច​យក​ពាន Jules Rimet ទៅ​ផ្ទះ​ជាមួយ​បាន។ ព្រោះ​ជា​ម្ចាស់​ជើង​ឯក World Cup ៣​ជំនាន់ (១៩៥៨, ១៩៦២ និង ១៩៧០) ប្រទេស​ប្រេស៊ីល​ក៏​ទទួល​បាន​ពាន Jules Rimet ជា​របស់​កម្មសិទ្ធិ​ពេញ​ដៃ​ពេញ​ជើង។ តែ​ជា​រឿង​អកុសល ប្រទេស​ដែល​គ្រប់គ្រង​ពាន World Cup ដំបូង​គេ​នេះ មិន​អាច​ថែរក្សា​រង្វាន់​របស់​ខ្លួន​ឲ្យ​ស្ថិតស្ថេរ​បាន​ឡើយ។ ពាន Jules Rimet ត្រូវ​គេ​លួច​ចេញ​ពី​តំបន់ Rio de Janeiro ប្រទេស​ប្រេស៊ីល នៅ​ឆ្នាំ​១៩៨៣។ ចាប់​តាំង​ពី​នោះ​មក ពាន World Cup ទី​១​លើ​ពិភពលោក បាន​បាត់​ស្រមោល​ជា​រៀង​រហូត។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ពាន​នោះ​ច្បាស់​ជា​ត្រូវ​ក្រុម​ចោរ​លួច​យក​ទៅ​រំលាយ​បាត់​អស់​ហើយ។

ប្រគល់​ពាន​ឲ្យ​ទៅ​ប្រេស៊ីល​រួច FIFA ក៏​ចាប់​ផ្ដើម​បង្កើត​ពាន World Cup ថ្មី​មួយ​ទៀត សម្រាប់​ការ​ប្រកួត​នា​ឆ្នាំ​១៩៧៤។ ពាន​នេះ​ឈ្មោះ​ថា FIFA World Cup Trophy។ មិន​ដូច​លើក​មុន FIFA បាន​កំណត់​ច្បាប់​​ថ្មី​ថា ពាន​រង្វាន់​នឹង​មិន​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ណា​កាន់កាប់​នោះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ក្រុម​ដែល​ឈ្នះ បាន​ត្រឹម​វេច​ខ្ចប់​ពាន់​សិប្បនិមិត្ត​ទៅ​ផ្ទះ​ជាមួយ​តែ​ប៉ុណ្ណោះ ឯ​ពាន​ពិត​គឺ​នៅ​រក្សា​ទុក​ដោយ FIFA។

ពាន FIFA World Cup Trophy មាន​កម្ពស់ ៣៦,៨​សង់ទីម៉ែត្រ និង​ទម្ងន់ ៦,១៤២​គីឡូ​ក្រាម ធ្វើ​ពី​មាស 18K។ វា​ត្រូវ​បាន​រចនា​ដោយ​វិចិត្រករ​អ៊ីតាលី​ម្នាក់​ឈ្មោះ Silvio Gazzaniga។ នៅ​លើ​ពាន មាន​ឆ្លាក់​រូប​កីឡាករ​ចំនួន​២​នាក់​កំពុង​លើក​ដៃ​អបអរ​សាទរ​ជ័យជំនះ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;