តើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន និង​ធ្វើ​វិសោធនកម្ម​ប៉ុន្មាន​ដង​?

  • 2018-09-22 07:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ តាំង រតនា អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃ​ទី២១ ខែ​កញ្ញា​ថា នៅ​ក្នុង​បរិបទ​ជា​រដ្ឋ​ទំនើប គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​មក ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ចំនួន​៦ ដែល​មាន​ការ​ផ្លាស់ប្តូរ​ពី​រដ្ឋធម្មនុញ្ញ​មួយ​ទៅ​រដ្ឋ​ធម្មនុញ្ញ​មួយ អាស្រ័យ​ទៅ​តាម​បរិបទ​នយោបាយ​របស់​ប្រទេស ចាប់​ពី​ឆ្នាំ​១៩៤៧ រហូត​មក​ដល់​ឆ្នាំ១៩៩៣។

ក្នុង​នោះ រួមមាន៖

  • រដ្ឋ​ធម្មនុញ្ញ​ទី១ ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៤៧ (នៅ​ក្នុង​របប​ព្រះរាជាណាចក្រ​ទី​១)

  • រដ្ឋ​ធម្ម​នុញ្ញទី២ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧២ (បន្ទាប់​ពី​ផ្លាស់​ប្តូរ​របប)

  • រដ្ឋធម្មនុញ្ញ​ទី​៣ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ (របប​កម្ពុជា​ប្រជាធិបតេយ្យ)

  • រដ្ឋធម្មនុញ្ញ​ទី៤ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨១ (របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)

  • រដ្ឋធម្មនុញ្ញ​ទី៥ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨៩ (ក្នុង​របប​រដ្ឋ​កម្ពុជា​)

  • រដ្ឋ​ធម្មនុញ្ញ​ទី​៦ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៩៣​។

លោក​ តាំង រតនា អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃ​ទី២១ ខែ​កញ្ញា​ ឆ្នាំ​២០១៨
លោក​ តាំង រតនា ​បាន​បន្ត​ថា រដ្ឋធម្មនុញ្ញ​ទាំង​៥ បាន​អនុវត្ត​កន្លង​ផុត​ទៅ​ហើយ។ ផ្តើម​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ដំណោះស្រាយ​រួម​នូវ​វិបិត្ត​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយ​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង ការ​ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៩៣ ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ។ ទន្ទឹម​នេះ អាជ្ញាធរ​អ៊ុនតាក់​បាន​ជួយ​រៀបចំ ហើយ​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន គឺ​មាន​ប្រវត្តិ​ជាប់​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​នយោបាយ​នៅ​ក្នុង​ឆ្នាំ​១៩៩៣​។

​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ នៅ​ក្នុង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ នៅ​ក្នុង​ព្រះបរមរាជវាំង ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ អតីត​មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣។ ​ហើយ​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា គឺ​ជា​ថ្ងៃ​កំណើត​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ឆ្នាំ​២០១៨ គឺ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាន​អាយុកាល​២៥​ឆ្នាំ​។

អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​មាន​លក្ខណៈ​ស្រប​ទៅ​តាម​គោលការណ៍​រួម នៃ​រដ្ឋ​ធម្មនុញ្ញ​ទំនើប បែប​ប្រជាធិបតេយ្យ។ ហើយ​ចំណុច​សំខាន់​ៗ ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​ចែង​នូវ​គោលការណ៍ នៃ​ការ​បែងចែក​អំណាច​រវាង​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​។

លោក តាំង រតនា បាន​បញ្ជាក់​ទៀត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ចំនួន​០៨​ដង ក្នុង​រយៈ​ពេល ២៥ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ គឺ​សម្រាប់​តម្រូវការ​របស់​ជាតិ និង​ជា​វិធី​មួយ​ដើម្បី​ធ្វើការ​សម្របសម្រួល​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ពី​ព្រោះ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋ គឺ​តែងតែ​មាន​ការ​ផ្លាស់ប្តូរ​។

លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ឆ្នាំ​២០១៨ គឺ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន ៨លើក​ហើយ ដោយ​លើក​ទី១ ធ្វើ​នៅ​ក្នុង​ឆ្នាំ​១៩៩៤។ លើក​ទី២ នៅ​ក្នុង​ឆ្នាំ​១៩៩៩។ លើកទី៣ នៅ​ក្នុង​ឆ្នាំ​២០០១​។ លើក​ទី៤ នៅ​ក្នុង​ឆ្នាំ​២០០៥។ លើក​ទី​៥ នៅ​ក្នុង​ឆ្នាំ​២០០៦។ លើកទី៦ នៅ​ក្នុង​ឆ្នាំ​២០០៧​។ លើក​ទី​៧ នៅ​ក្នុង​ឆ្នាំ​២០១៤ និង​លើក​ទី៨ នៅ​ក្នុង​ឆ្នាំ​២០១៨​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;