លោក Duterte ទម្លាយ​ថា គាត់​បាន​បញ្ជា​ដោយ​ផ្ទាល់ ឲ្យ​ចាប់​ខ្លួន​ដូនជី​អូស្ត្រាលី​ម្នាក់

  • 2018-04-19 01:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨ ម្សិលមិញ បាន​និយាយ​ថា លោក​បាន​បញ្ជា​ដោយ​ផ្ទាល់ ឲ្យ​ចាប់​ខ្លួន​ស្រ្ដី​អូស្រ្ដាលី ជា​ដូនជី​កាតូលិក​ម្នាក់ ហើយ​លោក​បាន​ព្រមាន​ជន​បរទេស​ដែល​ធ្វើការ​រិះគន់​រដ្ឋាភិបាល​ហ្វីលីពីន​ថា នឹង​ប្រឈម​ការ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន
ស្រ្ដី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​នាយកដ្ឋាន​អន្តោប្រវេសន៍​ហ្វីលីពីន ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក Duterte នោះ មាន​ឈ្មោះ Patricia Fox វ័យ ៧១​ឆ្នាំ។ ស្រ្ដី​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៦ ខែ​មេសា ២០១៨ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​និង​សកម្មភាព​នយោបាយ។ ប៉ុន្ដែ​នៅ​ថ្ងៃ​បន្ទាប់ ស្ដ្រី​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ហ្វីលីពីន​ដោះលែង ដោយ​ពុំ​មាន​ការ​ចោទ​ប្រកាន់​ទោស​ណាមួយ​នោះ​ទេ។
ដូនជី​កាតូលិក Patricia Fox ជនជាតិ​អូស្រ្ដាលី

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១៥ ខែ​មេសា ២០១៨ កន្លង​ទៅ រដ្ឋាភិបាល​ហ្វីលីពីន​ក៏​បាន​បដិសេធ​មិន​ឲ្យ​អគ្គលេខាធិការ​រង​នៃ​បក្ស​សង្គមនិយម​អឺរ៉ុប លោក Giacomo Filibeck ចូល​មក​ក្នុង​ទឹកដី​ហ្វីលីពីន​ដែរ ក្រោយ​លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Nactan-Cebu របស់​ហ្វីលីពីន។ ការ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​ហ្វីលីពីន​នេះ ដោយសារ​លោក Giacomo Filibeck ជនជាតិ​អ៊ីតាលី បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង មក​លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​លោក Duterte៕

លោក Giacomo Filibeck អគ្គលេខាធិការ​រង​នៃ​បក្ស​សង្គមនិយម​អឺរ៉ុប

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;