ទណ្ឌិត ៣១៩​នាក់ ត្រូវ​បាន​ពិចារណា​លើកលែង​ទោស ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

  • 2018-10-02 07:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា មាន​អ្នកទោស​នៅ​កម្ពុជា​បាន​ស្នើសុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ចំនួន ៣១៩​នាក់ ខណៈ​គណៈកម្មាធិការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​កំពុង​ពិចារណា​ចំពោះ​ការ​ស្នើសុំ​មក​ពី​តាម​បណ្ដា​ពន្ធនាគារ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​កាន់តែ​ខិត​ជិត​មក​ដល់។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌
លោក ជិន ម៉ាលីន ថ្លែង​ថា “មកដល់​ពេលនេះ គឺ​គណៈកម្មការ​កំពុង​តែ​ពិចារណា​លើ​សំណើ​ស្នើសុំ​ពី​តាម​ពន្ធនាគារ តាម​មណ្ឌល​អប់រំ​កែប្រែ​ទាំងបួន។ ចំនួន​ដែល​ស្នើ​សុំ ៣១៩នាក់ ក្នុងនោះ មាន​ចំនួន ១៣៣​នាក់​ជាស្ដ្រី”។

លោក​បន្ថែម​ថា ក្រសួង​យុត្តិធម៌​មិន​ទាន់​សម្រេច​នៅ​ឡើយ ហើយ​ក៏អត់ទាន់​កំណត់​ថ្ងៃបើក​កិច្ចប្រជុំដែរ។ លោក​ថា ការលើកលែង និងបន្ធូរបន្ថយទោស​នេះ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​មនុស្សធម៌ ដូច្នេះ​គោលការណ៍​មនុស្សធម៌ រួមមាន ស្ដ្រីមានផ្ទៃពោះ ស្ដ្រីដែល​មាន​កូនក្នុង​ពន្ធនាគារ ជន​ចាស់ជរា អ្នកមានជំងឺ និង​អ្នកកែប្រែ​ខ្លួន​ជាដើម។

គួររម្លឹក​ថា កាល​ពី​ឆ្នាំ២០១៧ ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧នាក់ ក្នុងនោះ​ស្រី២០នាក់ ដោយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធីបុណ្យ​ពិសាខបូជា​ចំនួន ៣៥​នាក់ និង​ពិធី​បុណ្យ​អុំទូកបណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក​ចំនួន ៥០​នាក់។

សូម​បញ្ជាក់ថា ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក នាពេល​ថ្មីៗ​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា មាន​ប្រសាសន៍​ថា នៅឆ្នាំ២០១៨ សម្ដេច​នឹង​ស្នើសុំ​ព្រះមហាក្សត្រ ដើម្បីឲ្យ​ព្រះអង្គ​ព្រះរាជទាន​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទ្រង់ទ្រាយ​ធំ​បន្ថែម លើ​កម្មវិធី​លើកលែង​ទោស​ប្រចាំឆ្នាំ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យ​ឯករាជ្យ​ជាតិ និង​ការ​ប្រារព្ធ​ខួប ២០ឆ្នាំ​នៃការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្តី​អះអាងថា ការ​លើកលែង​ទោស​ធ្វើឡើង ដើម្បី​ឲ្យ​ខ្មែររួបរួមគ្នា ​កុំឲ្យ​បែកបាក់​គ្នា និង​ឲ្យជន​ទាំង​នោះ បាន​ចេញមកកែប្រែ​ខ្លួន កុំឲ្យ​ប្រមាថ មាក់ងាយ​គ្នាតទៅ​ទៀត៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;