សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​ចូល​ប្រជុំ​សភា​ព្រឹក​នេះ

  • 2017-06-20 01:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​មិន​មា​ការប្រែប្រួល​ទេ តាម​កម្មវិធី​សម្ដេច ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​របស់​គណ​បក្ស​ខ្លួន ​ចូលរួម​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៧​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

ក្នុង​នោះ សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ។

សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ កន្លង​មក​នេះ។ សេចក្ដី​ស្នើ​ច្បាប់​នេះ ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៣​រូប។

សេចក្ដី​ស្នើ​ច្បាប់​ស្តី​ពី ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​គណបក្ស​ទាំងពីរ បាន​កែ​សម្រួល​ធ្វើ​ថ្មី​នោះ បាន​កំណត់​ពី​ការ​​បង្កើន​ចំនួន​អាសនៈ​សមាជិក​ព្រឹទ្ធសភា ១​អាសនៈ​ទៀត គឺ​ពី ៦១​រូប ដល់ ៦២​រូប ព្រម​ទាំង​កែប្រែ​មាត្រា​មួយ​ចំនួន​ទៀត ដូចជា​កាត់​បន្ថយ​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា ពី ២១​ថ្ងៃ មក​នៅ​ត្រឹម ១៤​ថ្ងៃ ព្រមទាំង​ការ​បញ្ចូល​អង្គ​បោះឆ្នោត​ថ្មី​ទៅ​បោះឆ្នោត​​ជំនួស​អង្គ​បោះឆ្នោត​ចាស់ និង​លើក​ពេល​បោះឆ្នោត​ព្រឹទ្ធសភា ពី​ខែ​មករា ទៅ​ខែ​កុម្ភៈ ជាដើម​។

សូម​បញ្ជាក់​ថា ព្រឹទ្ធសភា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាស​កល ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២ នា​ថ្ងៃ​ទី​២៦ កក្កដា ១៩៩៨។ ព្រឹទ្ធសភា នីតិកាល​ទី​១ កើតឡើង​ដោយ​ការ​តែងតាំង និង​មាន​អាណត្តិ ៥​ឆ្នាំ។ សមាជិក​ចំនួន ៦១​រូប ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​​សភា នីតិកាល​ទី​២៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;