អាមេរិក ដកមន្ត្រីទាំងអស់ចេញពី ស្ថានទូតនៅវេណេហ្ស៊ុយអេឡា
- 2019-03-15 01:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ដកមន្ត្រីទាំងអស់ចេញពី ស្ថានទូតនៅវេណេហ្ស៊ុយអេឡា
ចន្លោះមិនឃើញ
ក្រុងវ៉ាស៊ីនតោន បានដកមន្ត្រីការទូតទាំងអស់ ចេញពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកនៅក្រុង Caracas ក្រោយពីវិបត្តិនៅប្រទេសវេណេហ្ស៊ុយអេឡា កាន់តែធ្ងន់ធ្ងរឡើង។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ថា៖ «ថ្ងៃនេះ មន្ត្រីទូតអាមេរិកទាំងអស់ដែលនៅសេសសល់នៅវេណេហ្ស៊ុយអេឡា បានចាកចេញពីប្រទេសនេះអស់ហើយ។ ខ្ញុំដឹងថា នេះជាពេលវេលាមួយដ៏លំបាកសម្រាប់ពួកគេ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រមេបក្សប្រឆាំងនៅវេណេហ្ស៊ុយអេឡា លោក Juan Guaido ដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលលោក Nicolas Maduro និងរៀបចំការបោះឆ្នោតឡើងវិញ។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើវេណេហ្ស៊ុយអេឡា ចំពោះការលក់ប្រេងដែលជាចរន្តសរសៃឈាមរបស់រដ្ឋាភិបាលលោក Maduro ។
កាលពីថ្ងៃទី១៤ ខែមីនា បញ្ហាអគ្គិសនីដែលបានដាច់ជាច្រើនថ្ងៃ បានដំណើរការត្រឡប់មកវិញជាធម្មតា ខណៈរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានបន្ទោសថា បញ្ហាបណ្ដាលមកពីសហរដ្ឋអាមេរិក។
ចាប់តាំងពីខែមករាមក អាមេរិក កាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប បានទាមទារឲ្យលោក Maduro ចុះចេញពីតំណែង និងបានប្រកាសទទួលស្គាល់មេបក្សប្រឆាំងលោក Guaido ជាប្រធានាធិបតីស្របច្បាប់។ យ៉ាងណាមិញ រដ្ឋបាលលោក Maduro ទទួលបានការគាំទ្រពីប្រទេសជាសមាជិក អង្គការសហប្រជាជាតិប្រមាណ ៥០ប្រទេស ក្នុងនោះ មាន រុស្ស៊ី ចិន និង តួកគី ផងដែរ៕
អត្ថបទទាក់ទង
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ថាអាមេរិកចង់ធ្វើឱ្យប្រទេសលោក ក្លាយជាសង្គ្រាមវៀតណាមទី២
វេណេហ្ស៊ុយអេឡា ទុកពេល ៧២ម៉ោងឲ្យមន្ត្រីទូតអាមេរិក ចាកចេញ