វេណេហ្ស៊ុយអេឡា ទុកពេល ៧២ម៉ោងឲ្យមន្ត្រីទូតអាមេរិក ចាកចេញ
- ព្រហស្បតិ៍, 24 មករា 2019 03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេណេហ្ស៊ុយអេឡា ទុកពេល ៧២ម៉ោងឲ្យមន្ត្រីទូតអាមេរិក ចាកចេញ
ចន្លោះមិនឃើញ
លោក Nicolas Maduro ប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងទុកពេលឲ្យ ៧២ម៉ោង ដើម្បីឲ្យមន្ត្រីទូតអាមេរិកទាំងអស់ រើចេញពីប្រទេសមួយនេះ។
ក្នុងវីដេអូមួយដែលបានផ្ញើទៅកាន់ប្រជាជនវេណេហ្ស៊ុយអេឡា លោក Mike Pence អនុប្រធានាធិបតីអាមេរិក បានហៅលោក Maduro ថាមេដឹកនាំផ្តាច់ការ មិនស្របច្បាប់។ ជាការឆ្លើយតប លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានប្រតិកម្មឆ្លើយតបតាមប៉ុស្តិ៍ស្ថានីយទូរទស្សន៍របស់រដ្ឋមួយ ដោយលោកចាត់ទុកជាពេលវេលាដែលទំនាក់ទំនងប្រទេសទាំងពីរ ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ២០០ឆ្នាំ។
ទោះជាយ៉ាងណា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើសេចក្ដីថ្លែងការណ៍បដិសេធជំហរនៃការផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសារលោក Manduro មិនមានអំណាចដើម្បីធ្វើដូច្នេះនោះទេ។ លោកថា អាមេរិក ធ្វើទំនាក់ទំនងការទូតជាមួយតែរដ្ឋាភិបាល ដែលដឹកនាំដោយមេបក្សប្រឆាំងលោក Juan Guaido តែប៉ុណ្ណោះ។
អ្នកគាំទ្របក្សប្រឆាំង បានធ្វើការតវ៉ា នឹងរដ្ឋបាលលោក Maduro ជុំវិញបញ្ហាអតិផរណា កង្វះទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងវិបត្តិជនអន្តោរប្រវេសន៍ នៅវេណេហ្ស៊ុយអេឡា៕