គណបក្ស​សង្រ្គោះជាតិ ថ្កោលទោស​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល

  • 2017-11-16 13:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សង្រ្គោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ នា​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​នេះ។

គណបក្ស​សង្គ្រោះជាតិ បាន​លើក​ហេតុផលមួយ​ចំនួន ដូច​ជា​ថា​ការ​សម្រេច​នេះ ធ្វើ​ឡើង​ដោយ​មាន​ចរិត​នយោបាយ ក្រោម​ការ​គាប​សង្កត់ និង​តាម​បំណង​គណបក្ស​កាន់​អំណាច រំលោភ​បំពាន ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បំផ្លាញ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី ពហុបក្សជាដើម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល គណបក្ស​សង្រ្គោះជាតិ បាន​ប្រកាស​មិន​ទទួល​ស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ផង​ដែរ។

គណបក្ស​សង្រ្គោះជាតិ អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ កាលពី​ខែ​មិថុនាកន្លង​ទៅ
គួរ​បញ្ជាក់​ផង​ដែរថា តុលាការកំពូលបាន​សម្រេច​រំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយ​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំ នា​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ពី​បទ​ពាក់ព័ន្ធករណី​រៀប​ចំ​ផែន​ការ​ឃុប​ឃិត​ជា​សម្ងាត់​ជាមួយ​បរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សម្ដេច​នាយករដ្ឋ​មន្រ្ដី​​ ហ៊ុន សែន បាន​ថ្លែងសារ គាំទ្រ​សេចក្ដី​សម្រេច​នោះ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​មេឃុំ ចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង​ស្រុក​ខណ្ឌ ខណ្ឌ រាជធានី របស់​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ៕
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​កំពូល អំឡុង​ពេល​សវនាការ​ថ្ងៃ​ទី១៦ វិច្ឆិកា​នេះ

ចុច​អានអត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;