តុលាការ​កំពូល​ សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និងផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់ដឹកនាំបក្ស ១១៨រូប

  • 2017-11-16 10:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការកំពូលបាន​សម្រេច​រំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយ​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំ ​តាមការ​ស្នើរបស់ក្រសួងមហាផ្ទៃ ដែលបាន​ប្តឹងរំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការសម្រេច​នេះ គឺបន្ទាប់​ពីតុលាការ​កំពូលបើក​សវនការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រើ​ពេលពេញ​មួយថ្ងៃ។

ការបើក​សវនាការរំលាយ​គណបក្ស​សង្គ្រោះជាតិ ​គឺបន្ទាប់​ពីមេធាវីតំណាង​ឲ្យក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានដាក់​ពាក្យបណ្តឹងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល ពាក់ព័ន្ធករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សវនាការនេះ គឺគណបក្សសង្គ្រោះជាតិ មិនបានដាក់មេធាវីចូលការពារនោះទេ។ ចំណែកមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ គឺចូលរួមក្នុងសវនាការ ដើម្បីការពារលើបណ្តឹងរបស់ខ្លួន។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបាននាំពីពន្ធនាគារចូលមកសវនាការនោះទេ។

ខណៈពេលតុលាការកំពូលបើកសវនាការ គឺមានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មួយចំនួនបានមកប្រមូលផ្តុំ ដើម្បីរង់ចាំស្តាប់លទ្ធផលតុលាការកំពូលសម្រេចលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនមានការស្រែកតវ៉ាអ្វីនោះទេ។

ចំណែកក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មិនឃើញមានវត្តមានមកចូលរួមសវនាការនោះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;